នៅព្រឹកថ្ងៃសុក្រ ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅសាលសន្និសីទ និងពិព័រណ៍អន្តរជាតិកោះពេជ្រ។
វេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ រៀបចំឡើងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១,២០០នាក់ សុទ្ធសឹងជាអ្នកធ្វើធុរកិច្ច អ្នកវិនិយោគ មកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានកសាងជាតិ និងរដ្ឋមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ, សុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យ និង បូរណភាពទឹកដីពេញលេញ ខណៈលទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និង សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នកិត្យានុភាព និងមោទនភាពជាតិកម្ពុជា កំពុងងើបឈរឡើងវិញ ប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍ តំបន់ និង អន្តរជាតិ កំពុងទទួលស្គាល់កម្ពុជា ដោយស្មើភាព និង ស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្លូវការរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ បានរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្រ្ត និង អំណាចចរចាជាសមូហភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង លើកតម្កើងផលប្រយោជន៍ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ, ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចមានពិពិធកម្មធំទូលាយ និង ពីប្រទេសមានទំនាក់ទំនងតិចតួចជាមួយសហគម៍អន្តរជាតិ គួបផ្សំជាមួយការហ៊ុមព័ន្ធសេដ្ឋកិច្ច ទៅជាប្រទេសមានសមាហរណកម្មពេញលេញក្នុងកិច្ចការ តំបន់ និងសកល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិជំងឺកូវីដ-១៩, សេដ្ឋកិច្ចកម្ពុជា បានមានកំណើនក្នុងរង្វង់៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ចាកផុតពីភាពក្រីក្រស្ទើរទាំងស្រុង ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកស្ថិតក្នុងរង្វង់ ១០ភាគរយ មុនវិបត្តិជំងឺកូវីដ-១៩ ជាមួយការរួមតូចជាបន្តបន្ទាប់ នៃគម្លាតសមភាពសេដ្ឋកិច្ច, ព្រមទាំងបានប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និង គ្រោងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និង រឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និង អនុវត្តយ៉ាងសកម្ម និង ទាន់ពេល នូវគោលនយោបាយ ត្រឹមត្រូវ, មុតស្រួច និង ចំទិសដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេសចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ៖ ទី១. ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និង អន្តរជាតិ; ទី២. សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង, និង សង្គមវ័យចំណាស់; ទី៣. ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ក្នុងបរិការណ៍បដិវត្តឧស្សាហកម្មទី៤; ទី៤. ការប្រែប្រួលអាកាសធាតុ និង ការរេចរឹលធនធានធម្មជាតិ; និង ទី៥. ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និង នីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ, ការពង្រឹងសមត្ថភាព និង គណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និង «ឧត្តមនិយម» ផលប្រយោជន៍ជាតិ និង ប្រជាជន និង ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និង ចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និង គាំទ្រវិស័យឯកជន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជនជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកស្ទួយការប្រើប្រាស់ និង ផលិតកម្មក្នុងស្រុក, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និង នវានុវត្តន៍ តាមរយៈការចាប់យកបច្ចេកវិទ្យាថ្មី និង ការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និង សកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវបរិយាកាសវិនិយោគ និងធុរកិច្ច តាមរយៈ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មី ក្នុងឆ្នាំ២០២១; ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និងវិនិយោគ ដោយបានពង្រឹងយន្តការច្រកចេញចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និង សេវាគាំទ្រ ថែទាំវិនិយោគ, ព្រមទាំង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation), ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការធ្វើពិពិធកម្មទីផ្សារ ដោយបានពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និង សកល, និង កែលម្អប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីក; និង ការលើកកម្ពស់វិនិយោគបៃតង និង ឌីជីថល ដោយបានជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល និង បច្ចេកវិទ្យាស្អាត, លើកកម្ពស់សេដ្ឋកិច្ចចក្រា, ការគ្រប់គ្រងសំណល់ និង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និង លើកទឹកចិត្តឱ្យមានការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ, បច្ចេកវិទ្យាឌីជីថល, សន្តិសុខសាយប័រ និង សេវាកម្មបច្ចេកវិទ្យាព័ត៌មាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញជម្រើសពីរក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ហើយកម្ពុជា សម្រេចជ្រើសរើសយកឆ្នាំ២០២៩។ ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី» ពោល គឺកម្ពុជា ចង់ឱ្យការចាកចេញហើយមានភាពរឹងមាំខាងសេដ្ឋកិច្ច។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នឹងមិននៅផ្តេកផ្តួលជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ តែការចាកចេញរបស់កម្ពុជា ត្រូវតែធានាបាននូវនិរន្តរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និង លើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក។


























































