ក្រសួងទេសចរណ៍ និងដៃគូកូរ៉េ ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត


ក្រសួងទេសចរណ៍ និងមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (Jecheon International Music & Film Festival – JIMFF) នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែង ព្រមទាំងជំរុញការផ្លាស់ប្តូរប្រចាំឆ្នាំលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត រវាងប្រទេសទាំងពីរ។

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក PARK YOUNG KI ប្រធានសាខាសហព័ន្ធសិល្បៈ និងវប្បធម៌កូរ៉េ (Federation of Artistic and Cultural Organizations of Korea – FACO) ប្រចាំក្រុងជេជុន និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនៅឆ្នាំ២០២៧ ខាងមុខ នឹងឈានដល់ខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពលទីផ្សារទេសចរណ៍កូរ៉េ ដែលជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរកូរ៉េជិត៧ម៉ឺននាក់។

ជាការឆ្លើយតប លោក PARK YOUNG KI និងគណៈប្រតិភូ បានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសការប្រើប្រាស់សក្តានុពលនៃសិល្បៈ តន្ត្រី និងភាពយន្ត ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍កម្ពុជា តំណាងដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមហោស្រពតន្ត្រី និងភាពយន្តអន្តរជាតិជេជុន (JIMFF) នៃសាធារណរដ្ឋកូរ៉េ តំណាងដោយលោក CHOI IL JUN ប្រធានលេខាធិការដ្ឋានមហោស្រព។

អនុស្សរណៈនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរយៈពេលវែង និងការផ្លាស់ប្តូរប្រចាំឆ្នាំលើវិស័យសិល្បៈទស្សនីយភាព តន្ត្រី ភាពយន្ត និងសិល្បៈសូនរូប ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ។ ជាមួយគ្នានេះ លោកបានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕