សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា នឹងចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩, ការយកឆ្នាំ២០២៩ ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី»


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានពន្យល់ឡើងវិញអំពីផែនការរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ខណៈផែនការនេះបានកំណត់នៅឆ្នាំ២០២៤ ដោយដាក់នូវជម្រើសពីរ ក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៩។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចធុរកិច្ច និងវិនិយោគអន្តរជាតិឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាពេលនោះក៏បានសម្រេចយកនូវជម្រើសឆ្នាំ២០២៩ ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការសម្រេចយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះកម្ពុជា «អត់ចង់ត្រឹមល្អមើល តែអត់ល្អស៊ី» នោះទេ គឺកម្ពុជា «ចង់បានទាំងល្អមើល និងល្អស៊ី»។

បើតាមប្រសាសន៍របស់សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាចង់ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ជាមួយភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច។ ខណៈកម្ពុជា បានក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០២១ បានបំពេញលក្ខខណ្ឌវិនិច្ឆ័យក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានជម្រើសពីរនៅឆ្នាំ២០២៤ ក្រោយពីការវាយតម្លៃឲ្យកម្ពុជាអាចចាកចេញបាន ពេលនោះបានលើកជម្រើសពីរ ជម្រើសទី១ បីឆ្នាំនៅចុងឆ្នាំ២០២៧ ជម្រើសទី២ ប្រាំឆ្នាំនៅឆ្នាំ២០២៩។ ក្រោយពីការសិក្សាម្មត់ចត់របស់គណៈកម្មាធិការជំនាញ ជាមួយដៃគូ យើងសម្រេចចិត្តយករយៈពេល៥ឆ្នាំ។ មូលហេតុសាមញ្ញទេ អត់ចង់ល្អមើល ហើយអត់ល្អស៉ីនោះទេ ពាក្យខ្មែថា ចង់បានទាំងល្អមើល និងល្អស៊ី»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយប្រទេសឡាវ ដែលបានចាកចេញពីប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ពោលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ។ ការចាកចេញរបស់ឡាវ ក៏បានបន្សល់នូវចម្ងល់មួយចំនួនដែលចោទសួរសម្រាប់ប្រទេសកម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវតែត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីរត់ទៅប្រកួតប្រជែងក្នុងបរិបថថ្មី ខណៈដែលនៅជាប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវទទួលបានការអនុគ្រោះមួយចំនួន ប៉ុន្ដែការចឆកចេញនេះគឺត្រូវពង្រឹងខ្លួនឯងរងឹមាំ។

សូមជម្រាបថា ប្រទេសអភិវឌ្ឍន៍តិចតួច (ជាភាសាអង់គ្លេស៖ Least Developed Countries ឬកាត់ថា LDCs) គឺជាចំណាត់ថ្នាក់ផ្លូវការមួយដែលកំណត់ដោយអង្គការសហប្រជាជាតិ (UN) សម្រាប់សំដៅទៅលើបណ្តាប្រទេសដែលមានកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមទាបបំផុត និងងាយរងគ្រោះបំផុតក្នុងពិភពលោក។

ដើម្បីកំណត់ថាប្រទេសមួយស្ថិតក្នុងក្រុម LDCs ឬអត់ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់ UN (CDP) ពិនិត្យលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៣៖ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗ (GNI per capita), សន្ទស្សន៍ទ្រព្យសកម្មមនុស្ស (Human Assets Index – HAI) និងសន្ទស្សន៍ងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបរិស្ថាន (Economic and Environmental Vulnerability Index – EVI)៕