សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម Mircea Abrudean ប្រធានព្រឹទ្ធសភា និងប្រជាជនរូម៉ានី ជាទីរាប់អាន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិរូម៉ានី នាថ្ងៃទី០១ ខែធ្នូ ខាងមុខនេះ។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្ដេចតេជោ ក៏បានកោតសរសើរចំពោះប្រទេសរូម៉ានី ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះ ត្រចង់ខាងផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់ ដែលជាសក្ខីភាពនៃការដឹកនាំប្រកបដោយចក្ខុវិស័យ ព្រមទាំងភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនប្រទេសរូម៉ានី។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារបែបនេះថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃទិវាបុណ្យជាតិរូម៉ានី ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមផ្ញើជូននូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និង ជូនពរសព្ទសាធុការជូនចំពោះឯកឧត្តម ព្រឹទ្ធសភា និងប្រជាជនរូម៉ានីជាទីរាប់អាន។
ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះប្រទេសរូម៉ានី ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះ ត្រចង់ខាងផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់ ដែលជាសក្ខីភាពនៃការដឹកនាំប្រកបដោយចក្ខុវិស័យ ព្រមទាំងភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនប្រទេសរូម៉ានី។ ប្រទេសកម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់យើង ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថាកិច្ច សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់យើង ដែលត្រូវបានកសាងឡើងដោយ ឈរលើមូលដ្ឋាននៃសាមគ្គីភាព ការគោរពគ្នានិងការជឿទុកចិត្តគ្នាទៅវិញទៅមក នឹងបន្តរីកចម្រើន ដែលការណ៍នេះ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ទីទៃរបស់យើង និង ពិភពលោក។
ក្នុងស្មារតីនេះ ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតលើវិស័យនានា ជាពិសេស តាមរយៈការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ។
ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តមានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យ និងសូមជូនពរឪ្យប្រជាជនរូម៉ានី ទទួលបាននូវសន្តិភាព សុខុមាលភាព និងវិបុលភាពជានិច្ចនិរន្តរ៍តរៀងទៅ»៕


