នាព្រឹកថ្ងៃសុក្រ៣រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យតាមដាននិងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព ការប្រើប្រាស់ទឹកដោយការសន្សំសំចៃ ពិសេសកាធ្វើស្រូវរដូវប្រាំងដែលអាចប្រឈមនិងការខ្វះខាតទឹកដោយសារប្រទេសកម្ពុជាយើងទទួលរងឥទ្ធិពលបាតុភូតអែលនីណូផងដែរ។
២.សមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកព្រំដែនជាប់ និងប្រទេសវៀតណាមត្រូវចូលរួមសហការធ្វើការអោយបានម៉ឺងម៉ាត់ពាក់ព័ន្ធនិងការទប់ស្កាតបទល្មើសផ្សេងៗដូចជាគ្រឿងញៀន អំពើជួញដូរមនុស្សជាដើម ពិសេសការនាំចេញ នាំចូលទំនិញផ្សេងៗត្រូវបានឯកសារគ្រប់គ្រាន់ និងបង់ឱ្យបានត្រឹមត្រូវតាមច្បាប់។
៣.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលជាសមត្ថកិច្ចដោះស្រាយវិវាទផ្សេងៗនៅតាមរោងចក្រសហគ្រាសនានាត្រូវពិនិត្យតាមដានបាតុភាពទាំងនោះជាប្រចាំ ក្នុងក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងចំពោះកម្មករ និយោជិក ត្រូវចុះដោះស្រាយអោយបានទាន់ពេលវេលា។
៤.ត្រូវពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៥.អាជ្ញាធរមូលដ្ឋាន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធត្រូវជម្រុញដល់ប្រជាពលរដ្ឋក្នុងការទៅធ្វើជីវមាត្រ ដែលជាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់ និងកំណត់អត្តសញ្ញាណក្នុងការបោះឆ្នោតឱ្យបានត្រឹមត្រូវ។
៦.រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនិងបណ្តឹងព្រមទាំងសំណើរសំណូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
៧.អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចុះធ្វើរដ្ឋបាលចំហជាប្រចាំដើម្បីពិនិត្យតាមដានបទល្មើសស្គេមអនឡាញនៅតាមទីតាំងនានាដែលមានការសង្ស័យ និងកំណត់មុខសញ្ញាចុះបង្ក្រាបដោយគ្មានការលើកលែងឡើយ។
ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតិឱ្យលោក លោកស្រីដែលមានវត្តមានក្នុងប្រជុំនេះ បានលើកឡើងនិងរាយការណ៍ពីបញ្ហានានាដែលកើតមានក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីជាធាតុចូលសម្រាប់ធ្វើដោះស្រាយអំពីបញ្ហាទាំងនោះផងដែរ៕
















































