សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា តាងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវ ម៉ារីយ៉ា ហ្វឺណាន់ដា ឡាយ (Maria Fernanda Lay) ប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សហការី និងប្រជាជនទីម័រឡេស្តេ ក្នុងឱកាសជាប្រវត្តិសាស្ត្រនៃការប្រារព្ធខួបលើកទី៥១ ទិវាប្រកាសឯករាជ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមរយៈសារលិខិតចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសភាជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចូលជាផ្លូវការជាសមាជិកពេញសិទ្ធិទី១១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្នុងអំឡុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមដោយក្តីជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលឈរលើមូលដ្ឋាននៃការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងទីម័រឡេស្តេ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងសងខាង ក៏ដូចជាដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរួមក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសន្តិភាព និងវិបុលភាព៕



