សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បន្តចែកទឹកជូនប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយាល


សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បន្តចែកទឹកជូនប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយាលចំនួន ២៨៧គ្រួសារ ដើម្បីបម្រុង សម្រាប់ធានាការប្រើប្រាស់បានមួយរយៈ ។ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ និងមានការចូលរួមពីស្នងការនគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានបន្តចែកទឹកសុទ្ធ សម្រាប់ទទួលទាន និងទឹកស្អាតសម្រាប់ប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋរស់នៅជនបទដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹកចំនួន ២៨៧គ្រួសារ មកពី៣ភូមិក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានប្រើមធ្យោបាយឡានដឹកទឹកសុទ្ធសម្រាប់បរិភោគចំនួន ២៤,០០០លីត្រ និងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ៨៥,០០០លីត្រ ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា ដោយសាររដូវប្រាំងឆ្នាំនេះអូសបន្លាយមានរយៈពេលយូរ ធ្វើឲ្យប្រភពទឹកធំៗ ដូចជា ស្ទឹង បឹង និងអូរ បានរីងស្ងួតជាបណ្តើរៗ ជាកត្តាធ្វើឲ្យខ្វះទឹកប្រើប្រាស់ ដូចនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ទឹកត្រូវមានការសន្ចំសំចៃ ដើម្បីធានាបានការប្រើប្រាស់បានយូរ ហើយការរស់នៅ ត្រូវរក្សាអនាម័យ ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ គឺនៅក្នុងរដូវក្តៅនេះមានជំងឺថ្មីបានបង្កឡើង ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូន ពិសេសកុមារតូចៗ ដូចនេះទាមទារឲ្យបងប្អូនទាំងអស់រស់នៅត្រូវមានអនាម័យ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ ។ ហើយការចែកទឹកជូនបងប្អូននៅពេលនេះ គឺសម្រាប់ទុកឲ្យបងប្អូនមានទឹកបម្រុងសម្រាប់ប្រើប្រាស់បន្តបានមួយរយៈពេលទៅមុខ ដោយសារ បញ្ហាកង្វះខាតទឹកក្នុងខេត្ត គឺគ្រប់តំបន់មិនទាន់ទទួលរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ ព្រោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានជីកស្រះទឹក និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាំងឆ្នាំ២០១៥មកម្លេះ ។ ឯកឧត្តម បានថ្លែអំណរគុណ ដល់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុមហ៊ុនផលិតទឹកស្អាត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងយុវជនស្ម័គ្រទាំងអស់ ដែលបានចូលរួមផ្តល់ទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានផ្តល់ជូនប្រជាពលរដ្ឋទាំង ២៨៧គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន ប៊ីដុងដាក់ទឹកចំណុះ ៣០លីត្រ ម្នាក់១ និងទឹកសុទ្ធ ១យួរ ចំពោះកុមារតូចទទួលបាន សម្លៀកបំពាក់ម្នាក់ៗ ១កំប្លេរ នំមួយកញ្ចប់ និងថវិកា ៣០០០រៀល ។
Ban Sreymom 29-4-2016 (8)                                       Ban Sreymom 29-4-2016 (2)
Ban Sreymom 29-4-2016 (9)                                       Ban Sreymom 29-4-2016 (10)
Ban Sreymom 29-4-2016 (4)                                          Ban Sreymom 29-4-2016 (3)
Ban Sreymom 29-4-2016 (6)                                      Ban Sreymom 29-4-2016 (5)