សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវការរក្សាទឹកទុក ពេលដែលទឹកភ្លៀងត្រូវគេឃើញបានចាប់ផ្តើមធ្លាក់តាមបណ្តាខេត្តនានា ។ សេចក្តីរាយការណ៍តាមបណ្តាខេត្តនានាបានឱ្យដឹងថា ភ្លៀងបានចាប់ផ្តើមធ្លាក់តាមកន្លែងមួយចំនួនតាំងពីយប់មិញនោះមក ដែលបានធ្វើឱ្យប្រជាពលរដ្ឋដែលរងការខ្វះទឹក មានសេចក្តីត្រេកអរសាឡើងវិញ។
សម្តេចតេជោសែន បានមានប្រសាសន៍ក្នុងហ្វេសប៊ុក ស្នើប្រជាពលរដ្ឋយកចិត្តទុកដាក់ត្រងទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ ។ សម្តេចក៏បានអំពាវនាវដល់កម្លាំងអន្តរាគមន៍ ដោយក្រៅពីការដឹកទឹក ឬបូមទឹកជូនប្រជាជនប្រើប្រាស់ គឺត្រូវយកចិត្តទុកដាក់លើការជីកស្រះ ស្តារស្រះទឹក ស្តារប្រឡាយទឹក ជីកអណ្តូង ស្តារអណ្តូងទឹក ដើម្បីឱ្យប្រជាជនមានទឹកប្រើប្រាស់ជាប្រចាំ ។
សូមជំរាបថា កម្ពុជាក្នុងឆ្នាំនេះ ក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីខាងកើត បានរងនូវបាតុភូតកំដៅដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេលជាងមួយរយឆ្នាំកន្លងមកនេះ ដោយបានធ្វើឱ្យបឹង ស្ទឹង ទន្លេ មានការរីង និងរាក់ ។ សត្វត្រី និងសត្វពាហនៈ ត្រូវគេរាយការណ៍ស្លាប់ក្នុងទំហំច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំនេះ ។
សម្តេចនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍តាមហ្វេសប៊ុក បានថ្លែងប្រៀបធៀបថា គ្រោះមហន្តរាយរាំងស្ងួតឆ្នាំនេះ បានផ្តល់មេរៀនឱ្យច្រើន ដោយមិនខុសពីទឹកជំនន់ដែលធ្លាប់កើតមានកាលពីឆ្នាំ ២០០០ ក្នុងកម្ពុជានោះឡើយ ។
សេចក្តីរាយការណ៍របស់ក្រសួងធនធានទឹកនៅថ្ងៃនេះ បានបង្ហាញថា តំបន់ខ្លះក្នុងខេត្តចំនួន១២ បានទទួលទឹកភ្លៀងធ្លាក់តិច ទៅមធ្យម កាលពីថ្ងៃទី២៨ ខែមេសាកន្លងមកនេះ ដូចជាខេត្តមណ្ឌលគីរី… ត្បូងឃ្មុំ… កំពង់ចាម… ស្វាយរៀង… ព្រៃវែង… តាកែវ… កំពត… ព្រះសីហនុ… កោះកុង… ព្រះវិហារ… ឧត្តរមានជ័យ និងខេត្តកំពង់ធំ ។
តាមការព្យាករណ៍ភ្លៀងនឹងបន្តធ្លាក់ថែមទៀតក្នុងសប្តាហ៍នេះ ដែលនឹងជួយបង្កឱ្យមានទឹកខ្លះជួយដល់ប្រជាពលរដ្ឋដែលរងការខ្វះខាតនោះផងដែរ ។