លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងផ្តល់អាហារដល់ជនពិការភាព


កាលពីល្ងាចថ្ងៃអាទិត្យទី ១៧ ខែធ្នូ លោកជំទាវវេជ្ជ.អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសនៃក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងផ្តល់អាហារបាយទឹកដល់ជនដែលមានពិការភាព និងអបអរសាទរទិវាបុណ្យជនពិការជាតិ-អន្តរជាតិ៣ធ្នូ ក្រោមប្រធានបទ៖ “ធ្វើឳ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា” និងចូលរួមអបអរសាទរទិវាបេតិកភ័ណ្ឌខ្មែរខួប១៤ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១២ឆ្នាំនៃល្ខោន ស្រមោលស្បៃធំ ខួប១ឆ្នាំនៃចាបីដងវែងខ្មែរ។

កម្មវិធីនេះបានប្រារព្ធឡើងនៅវត្តភ្នំ មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មខ្មែរ ដែលមានអ្នកចូលរួមប្រមាណជាង១,០០០នាក់។ ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូនពីគោលការណ៍ច្បាប់១%ដែលវិស័យឯកជនត្រូវទទួលជនដែលមាន ពិការភាពឳ្យចូលធ្វើការ និង២% ក្នុងស្ថាប័នរដ្ឋ។ ស្របនឹងគោលការណ៍ច្បាប់នេះផងដែរ ក្រសួងកិច្ចការនារីបានទទួលយកមន្រ្តីដែលមានពិការភាពប្រមាណជា៤%ធៀបទៅនឹងចំនួនមន្រ្តីសរុបរបស់ខ្លួន។

ក្នុងឳកាសនេះផងដែរ លោកជំទាវរដ្ឋមន្រ្តីបានសំនូមពរដល់ អ្នកសារព័ត៌មាន សិល្បៈករ សិល្បៈការនី ពិធីករ តារាសម្តែង និងតារាចម្រៀង ជួយធ្វើការផ្សព្វផ្សាយ លើកកម្ពស់ពីសិទ្ធនិងតម្លៃរបស់ជនដែលមានពិការភាពក្នុងកម្មវិធីនានាដែលអ្នកសិល្បៈករបានចូលរួម និងតាមរយៈការសរសេរអត្ថបទសារៈព័ត៌មាននានាដែលពាក់ព័ន្ធនឹងពិការភាព។

ដើម្បីចូលរួមអបអរសាទរទិវាបុណ្យជនពិការជាតិ-អន្តរជាតិ៣ធ្នូ និងអបអរសាទរទិវាបេតិក-ភ័ណ្ឌខ្មែរខួប១៤ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១២ឆ្នាំនៃល្ខោន ស្រមោលស្បៃធំ ខួប១ឆ្នាំនៃចាបីដងវែងខ្មែរ លោកជំទាវរដ្ឋមន្រ្តីបានឧបត្តម្ភដល់ក្រុមដែលមានពិការភាពចំនួន១៣លានរៀល ដល់១៣អង្គការជនពិការ ដែលក្នុង១អង្គការចំនួន ១លានរៀល ហើយ ២លានរៀលជូនដល់ក្រុមសំដែងសិល្បៈចាបីដងវែងខ្មែរ។