មន្ត្រីសិទ្ធិមនុស្ស ៥នាក់ ពាក់ព័ន្ធការសូកប៉ាន់ រងការឃុំខ្លួន


ACU 03 05 16 copy

     តុលាការបានបញ្ជូន និងឃុំខ្លួនបណ្តោះអាសន្នមនុស្ស ៥រូប នៅថ្ងៃទី២ ខែឧសភា នេះ ក្រោយការសាកសួរច្រើនម៉ោង ទាក់ទងនឹងសំណុំរឿង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ។ មនុស្សទាំង ៥នាក់នោះ មាន ៤នាក់ ជាមន្ត្រីសិទ្ធិមនុស្សអាដហុក គឺ លោក នី សុខា …លោកយី សុខសាន្ត…លោក ណៃ វ៉ង់ដា…និងលោកស្រី លឹម មុន្នី… ចំណែកមនុស្សម្នាក់ទៀតគឺ លោក នី ចរិយា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

     មនុស្សទាំង ៥នាក់ បានរងការឃាត់ខ្លួនដោយអង្គភាពប្រឆាំងនឹងអំពើពុករលួយ ជុំវិញករណីមិនប្រក្រតីសូកប៉ាន់សាក្សី និងសកម្មភាពឃុបឃិតជាបណ្តាញ ប្រឌិតឆាកបំភ័ន្តការពិត ទាក់ទងនឹងរឿងអាស្រូវស្នេហារវាង លោក កឹម សុខា និង កញ្ញាស្រីមុំ

     មន្ត្រីតុលាការបានថ្លែងថា មន្ត្រីសិទ្ធិមនុស្សទាំង៤នាក់ បានរងការចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ… ចំណែក លោក នី ចរិយា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរងការចោទ ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។

     សំណុំរឿង ដែលជាប់ពាក់ព័ន្ធដូចគ្នានេះ ក៏រួមមានទាំងមន្ត្រីខ្មែរម្នាក់ឈ្មោះ សឺន សាលី ដែលបំរើការក្នុងការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជាផងដែរ ។ សេចក្តីរាយការណ៍បញ្ជាក់ថា លោក សឺន សាលី នោះក៏ត្រូវបានរងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផងដែរ… ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា លោកបានស្ថិតនៅកន្លែងណាមួយទេនាពេលនេះ ។

     រហូតមកទល់ពេលនេះ មនុស្សចំនួន ៦នាក់ហើយ រួមទាំងមេឃុំ ស៊ាង ចែត នៃគណបក្សសង្គ្រោះជាតិផងដែរ ដែលបានរងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ និងកន្លែងឃុំខ្លួននៅ PJ ក្នុងរាជធានីភ្នំពេញ ដែលជាប់ទាក់ទងនឹងបទសង្ស័យសមគំនិត និងសូកប៉ាន់សាក្សី ដែលជាទោសព្រហ្មទណ្ឌប្រឈមនឹងការជាប់ទោសក្នុងពន្ធនាគារ បើសិនជារកឃើញថាពិតជាមានកំហុសមែន ។