ឯកឧត្តម ម៉ុម សារឿន អញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលទាហាន ចំនួន ៧៣៤នាក់ នៅតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង


នារសៀល ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរពលទាហាន ចំនួន ៧៣៤នាក់ នៅតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ទៅសាលាហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ។

នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ពលទាហានទាំងអស់ ដែលជាពលទាហានវ័យក្មេង ត្រូវទៅហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ នៅសាលាពលទាហានទី១ នៃយោធភូមិភាគទី១ និងសាលាហ្វឹហ្វឺនកោះស្នេ ស្រែឃ្លុង ខេត្តកំពង់ស្ពឺ នៃយោធភូមិភាគទី៣ ត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជារបស់កងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងថែទាំសុខភាព ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ជាអ្នកបន្តវេននាពេលអនាគត ក្នុងការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា៕