អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងាររបស់ក្រសួង ចុះបេសកកម្មជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)


ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០១៧ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងាររបស់ក្រសួង ចុះបេសកកម្មជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិនិត្យការដ្ឋានសាងសង់ និងជួសជុល ស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលបានរងនូវខូចខាតដោយសារទឹកជំនន់ ក្នុងឆ្នាំ ២០១៣ កន្លងមក ។ ការដ្ឋានប្រព័ន្ធធារាសាស្ត្រទាំងនោះមានដូចជា ៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់៩៥ ស្ថិតក្នុងខេត្តព្រះវិហារ ប្រព័ន្ធធារាសាស្ត្រ ទំនប់គោកស្រុក ស្ថិតក្នុងខេត្តសៀមរាប និងប្រព័ន្ធធារាសាស្ត្រ ទំនប់លោក និងទំនប់អូរអង្ក្រង ស្ថិតក្នុងខេត្តឧត្តរមានជ័យ ។

ជាលទ្ធផល ក្រុមការងារទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការងារដែលសម្រេចបាន ហើយបណ្តាគម្រោងដែលបានជួសជុល ស្តារឡើងវិញនេះ ក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកស្រោចស្រពបន្ថែមដល់ផ្ទៃដីស្រូវ និងដំណាំនារដូវវស្សាកន្លងមក និងការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការស្រោចស្រពស្រូវ និងដំណាំនារដូវប្រាំងខាងមុខ ។ បន្ថែមលើសក្តានុពលខាងលើ ប្រព័ន្ធធារាសាស្ត្រទាំងនេះ ក៏បានក្លាយទៅជាតំបន់ទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋទៅកំសាន្តផងដែរ ។

ក្នុងពេលចុះពិនិត្យ ក្រុមការងាររបស់ក្រសួង និង ADB ក៏បានរៀបចំនូវផែនការក្នុងការអនុវត្តបន្ត នោះគឺការសាងសង់ប្រឡាយជើងក្អែប ដើម្បីទាញទឹកឱ្យចូលដល់ស្រែរបស់ប្រជាកសិករ ព្រមទាំងការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ដើម្បីឱ្យសហគមន៍នេះដំណើរការគ្រប់គ្រង និងចាត់ចែងប្រើប្រាស់ ថែទាំ ក្រោយពេលដែលក្រសួងប្រគល់ឱ្យ ។