មន្រ្តីរាជការនិងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ ទទួលបានគ្រឿងឥស្សរិយយស មេដាយការងារពីរាជរដ្ឋាភិបាលកម្ពុជា


នៅថ្ងៃ ច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ត្រូវ នឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងការបំពាក់គ្រឿងឥស្សរិយយស ដល់មន្រ្ដីរាជការ និងមន្រ្ដីឧទ្យានុរក្ស ចំនួន៣៦នាក់ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ ។ លោក សាមុត សុធារិទ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា មន្រ្តីរាជការសរុបមានចំនួន៩៦នាក់ ក្នុងនោះមានមន្រ្តីឧទ្យានុរក្សចំនួន៦៩នាក់កំពុងបំពេញភារកិច្ចជូនមន្ទីរបរិស្ថាន និងឈរជើងការពារតាមតំបន់ការពារធម្មជាតិចំនួន៣កន្លែង។ កន្លងមកមន្រ្តីរាជការទាំងអស់បានបំពេញការងារអនុវត្តន៍ច្បាប់ស្តីពីកិច្វចគាំពារបរិស្ថាន ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពសហគមន៍ និងការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កន្លងមន្ទីរបរិស្ថាន បានសហការល្អជាមួយជំនាញពាក់ព័ន្ឋធ្វើការគ្រប់គ្រងសំណល់នៅតាមទីប្រជុំជន។ ឯកឧត្តម បានលើកឡើងដែរថាខេត្តព្រះសីហនុបច្ចុប្បន្ន កំពុងទទួលបានកំណើនអ្នកទេសចរ និងប្រជាពលរដ្ឋ ដែលអាជ្ញាធរត្រូវធ្វើការថែមទៀតចំពោះការគ្រប់គ្រងសំណល់រឹង- រាវ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានណែនាំបន្ធែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានទាំងអស់ បន្តពង្រឹងគុណភាពធនធានមនុស្ស ពង្រឹងសមត្ថភាពមន្រ្តីរាជការនៅក្នុងស្ថាប័ន ដោយផ្តល់ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេសបន្ថែម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមន្ទីរយកចិត្តទុកដាក់ក្នុងការអភិរក្សជីវៈចម្រុះ តាមរយៈការធ្វើការងារជាមួយអាជ្ញាធរឃុំ សង្កាត់។
ក្នុងកិច្ចគាំពារបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានរំលឹកឱ្យមន្ទីរសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការគ្រប់គ្រងសំណល់រឹង តាមរយៈអនុក្រឹត្យ១១៣ របស់រាជរដ្ឋាភិបាលដើម្បីប្រសិទ្ឋភាពការងាររក្សាអនាម័យ បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់។ ម្យ៉ាងទៀតក៏ត្រូវត្រួតពិនិត្យជាប្រចាំការបំពុលនានាពីទីតាំងឧស្សហកម្ម ដើម្បីធានានិរន្តរភាពនៃកំណើនទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញដែរថារាជរដ្ឋភិបាលបានសិក្សារួចហើយគម្រោងស្តារប្រព័ន្ឋលូ ទប់ស្កាត់ការហូរទឹកកខ្វក់ចូលក្នុងសមុទ្រសម្រាប់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានណែនាំឱ្យមានការអភិរក្សព្រៃឈើឱ្យបានល្អ ជាពិសេសព្រៃនៅតំបន់ក្បាលឆាយដែលជាប្រភពទឹកសម្រាប់ការប្រើប្រាសរបស់ប្រជាពលរដ្ឋនៃខេត្តព្រះសីហនុ និងព្រៃនៅតាមដីកោះនានា ដែលជាប្រភពទឹកភ្លៀង និងដើម្បីទាក់ទាញអ្នកទេសចរ ព្រោះខេត្តព្រះសីហនុស្ថិតនៅក្នុងគោលដៅរបៀងទេសចរណ៍ធម្មជាតិ ខាងត្បូងទន្លេសាប។ ការពង្រឹងការកិច្ចការពារធម្មជាតិតាមរយៈទេសចរណ៍ធម្មជាតិ ជួយឱ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មានជីវភាពរីកចម្រើន។
ដោយឡែកក្នុងវិស័យអប់រំបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដែរថាមន្ទីរត្រូវធ្វើការអប់រំឱ្យចំគោលដៅ តាមប្រព័ន្ឋផ្សព្វផ្សាយសង្គម និងនៅមូលដ្ឋាន ជាពិសេសតាមសាលារៀនពីកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ជាដើម។ ដោយឡែកមន្ទីរបរិស្ថានក៏ត្រូវពង្រឹងផងដែរសមត្ថភាពធនធានមនុស្ស សម្រាប់ការិយាល័យកាអភិវឌ្ឍន៍ដោយចីរភាព ដែលជាធនាគារខួរក្បាល សម្រាប់កសាងផែនការយុទ្ឋសាស្រ្តនៃវិស័យបរិស្ថាន។