ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ កីចក ក្នុងខេត្តស្វាយរៀង


ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៨ លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រួមនឹងអាជ្ញាធរដែនដី ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតក្នុងខេត្តស្វាយរៀង ។

សូមរំលឹកជូនថា បន្ទាប់ពីបានពិនិត្យឃើញផ្ទៃដីរាប់ម៉ឺនហិកតា នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ត្រូវបានទុកចោលទាំងស្រុង នារដូវប្រាំង និងមានការបង្កបង្កើនផលតាមយថាផលខ្លះៗ នារដូវវស្សា ព្រោះតែគ្មានប្រភពទឹកស្រោចស្រព ទន្ទឹមនឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលមានពីមុនបន្តិចបន្តួច ត្រូវបានខូចខាត ដោយសង្គ្រាម និងពេលវេលា នៅក្នុងឆ្នាំ ២០០៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ដឹកនាំក្រុមការងារ ធ្វើការសិក្សា និងឈានទៅសាងសង់នូវប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ឈ្មោះថា ប្រព័ន្ធធារាសាស្ត្រ កីចក ។ ក្រោយការសិក្សាបានបញ្ចប់ជាស្ថាពរ ការអនុវត្តគម្រោង ក៏បានចាប់ផ្តើមជាជំហានៗ ចាប់តាំងពីឆ្នាំ ២០១១ មក ។ មកដល់ដើមឆ្នាំ ២០១៨ នេះ បើទោះបីការអនុវត្តគម្រោង មិនទាន់ត្រូវបានបញ្ចប់ជាស្ថាពរ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រកីចក បាន និងកំពុងផ្តល់នូវអត្ថប្រយោជន៍ជាបណ្តើរៗ ដល់បងប្អូនប្រជាកសិករនៅតំបន់នោះ ។ ជាក់ស្តែង ផ្ទៃដីដែលពីមុនមកធ្លាប់តែត្រូវបានទុកទំនេរចោល ជាមួយភាពស្ងួត ហួតហែង និងក្រៀមក្រោះ បច្ចុប្បន្ន បានប្រែក្លាយទៅជាវាលស្រែដ៏ខៀវស្រងាត់ ។

មកទល់ពេលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដែលដឹកនាំដោយលោក ចាន់ ស៊ីណាត បានរៀបចំផែនការសម្រាប់អនុវត្តនៅជំហានបន្ទាប់ ដូចជា ៖ ការរៀបចំប្រព័ន្ធសណ្តរស្ទឹងកំពង់ត្រាច ចាប់ពីប្រព័ន្ធធារាសាស្ត្រ កីចក ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង រហូតដល់ស្រុកមេសាង ខេត្តព្រៃវែង ដែលមានប្រវែងសរុបប្រមាណ ៤០ គម និងរៀបចំធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ កីចក ដែលរួមមាន ការជីកប្រឡាយមេ ប្រឡាយរងជាច្រើនខ្សែ មានប្រវែងរាប់រយគីឡូម៉ែត្រ និងសាងសង់សំណង់សិល្បការជាច្រើនកន្លែងបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រព័ន្ធធារាសាស្ត្រ កីចក ក្លាយជាប្រព័ន្ធធារាសាស្ត្រមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពោលគឺអាចនាំទឹកឱ្យចូលដល់ដីស្រែប្រជាកសិករ ជាផ្លូវគមនាគមន៍ និងជាតំបន់ទេសចរដ៏ទាក់ទាញមួយ ។