ក្រសួងបរិស្ថានលើកកម្ពស់សមត្ថភាពមន្រ្តីវ័យក្មេងតាមរយៈកសាងចំណេះដឹងជំនាញ និងលទ្ធភាព បំពេញការងារ


ការលើកកម្ពស់នូវចំណេះដឹង ជំនាញបន្ថែមដល់មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសមន្រ្តីវ័យក្មេង ក្រសួងបរិស្ថាន គឺជាកាតព្វកិច្ចសំខាន់របស់ស្ថាប័ន នៅក្នុងការធ្វើទំនើបកម្មក្រសួង ដើម្បីឆ្លើយតបទៅនឹង កម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការ ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពមន្រ្តីវ័យក្មេងក្រសួង តាម រយៈកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងារ ការផ្លាស់ប្តូរនូវអាកប្បកិរិយា ផ្នត់គំនិត និងឥរិយាបថ អោយក្លាយខ្លួនជាអ្នកទទួលខុសត្រូវ និងជាអ្នកគ្រប់គ្រងប្រកបដោយគុណភាព និងប្រសិទ្ធ ផលដល់ស្ថាប័ន នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួង បរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញបរិស្ថាន» សម្រាប់មន្រ្តីរាជការវ័យក្មេងមកពីរាជធានីភ្នំពេញ និងមកពីខេត្តនានានារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបរិស្ថាន មានរយៈពេល១២0ម៉ោង និងមានចំនួន២០មុខវិជ្ជា ទាក់ទងវិស័យបរិស្ថាន ការធ្វើគោលការណ៍ ការលើកផែនការ កិច្ចការរដ្ឋបាល ដល់មន្រ្តីវ័យក្មេងចំនួន ១២០រូប មកពីបណ្តានាយកដ្ឋាន ចំណុះក្រសួងបរិស្ថាន និងមកពីបណ្តាមន្ទីរបរិស្ថានទាំង២៥រាជធានី-ខេត្ត ដើម្បីទទួលបាននូវចំណេះជំនាញបន្ថែមយកទៅអនុវត្តន៍ការ ងារបរិស្ថាន តាមអង្គភាពឱ្យមានប្រសិទ្ឋភាព។

សូមបញ្ជាក់ដែរថា ក្នុងក្របខណ្ឌនៃការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ និងស្របតាម គោលនយោបាយ យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងនោះការកសាងរដ្ឋបាលសាធារណៈឱ្យមានភាពឆ្លើយតបទៅនឹងប្រសិទ្ធភាព ប្រសិទ្ធផល ជំនឿទុកចិត្ត ឆន្ទៈ ម្ចាស់ការរបស់មន្រ្តីរាជការក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាល ក៏ដូចជាបញ្ជូនមន្រ្តីទៅសិក្សាទាំងក្នុងនិងក្រៅប្រទេស និងចូលរួមវគ្គបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន នានាជាច្រើន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្រ្តី ជាពិសេសមន្រ្តីវ័យក្មេងអោយកាន់តែមាន សម្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងតំរូវការជាក់ស្តែង ​និងប្រើប្រាស់អោយចំគោលដៅក្នុងដែនសមត្ថកិច្ច តាមអង្គភាពរៀងៗខ្លួន៕