ពិធីជួបសំណេះសំណាលជាមួយអតីតពលកររងគ្រោះដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីឆ្នាំ២០១៧


ព្រឹកថ្ងៃអង្គារ៍ ០៨រោច ខែបុស្ស ឆ្នាំរកា ព ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅភូមិចំបក់ខ្ពស់ ឃុំល្វែងឫស្សី ស្រុកជីក្រែងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបានដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ រួមទាំងក្រុមការងារទប់ស្កាត់ ក្រុមការងារការពារជនរងគ្រោះ ក្រុមការងារអនុវត្តច្បាប់ ក្រុមការងារពង្រឹងកិច្ចសហការប្រតិបត្តិការ និងក្រុមការងារកិច្ចការទេសន្តរប្រវេសន៍ ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ និងអង្គការទស្សនៈពិភពលោក បានចុះជួបសំណេះសំណាលជាមួយអតីតពលកររងគ្រោះដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីឆ្នាំ២០១៧ តាមរយៈអង្គការIJM សហការជាមួយអង្គការIOM។

លោកស្រី បានលើកឡើងអំពីការយកចិត្តទុក្ខដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មផ្លូវភេទលើស្រី្ត កុមារ និងជនងាយរងគ្រោះ ពិសេសកម្មករនិយោគជិត ពលករ ពលករការី ខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យទទួលបានសមភាពការងារ រវាងកម្មករ និយោជិត និងនិយោជក ភាពត្រឹមត្រូវស្របច្បាប់សម្រាប់ពលករចំណាកស្រុកទៅក្រៅប្រទេស។ អ្វីដែលសំខាន់បំផុត រដ្ឋាភិបាលបានសហការទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសជាមិត្ត និងអ្នកវិនិយោគបរទេស ដើម្បីមកវិនិយោគនៅកម្ពុជា ក្នុងន័យផ្តល់នូវការងារមុខរបរ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីកាត់បន្ថយការចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។ លើសពីនេះទៅទៀត ក៏បានសហការជាមួយប្រទេសជិតខាង (ពិសេសប្រទេសថៃ)ក្នុងការចុះអនុសារណៈយោគយល់គ្នា ក្នុងការបញ្ជូន និងទទួលពលករកម្ពុជាស្របច្បាប់។

លោកស្រី ក៏បានសុំឲ្យអតីតពលករទាំងអស់ដូចខាងក្រោម៖
១.កុំធ្វើការចំណាកស្រុកត្រឡប់វិញ និងបានឲ្យពួកគាត់រកការងារធ្វើ ឬប្រកបអាជីវកម្មក្នុងស្រុក ។

២.យកចិត្តទុកដាក់រៀននូវជំនាញវិជ្ជាជីវៈ ដូចជាការចញ្ចឹមសត្វ ដែលអង្គការទស្សនពិភពលោកបានផ្តល់ជូន (ទំនុកបម្រុង) ។

៣. សហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្នុងការផ្តល់ព័ត៌មាន ឬ អង្អុលបង្ហាញមុខសញ្ញាមេខ្យល់នាំឆ្លងដែនខុសច្បាប់។

នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកស្រី ប្រធានបានលើកទឹកចិត្តដល់ក្រុមពួកគាត់ ដោយបានសហការជាមួយអង្គការទស្សនពិភពលោក បានផ្តល់ជូននូវការរៀនជំនាញវិជ្ជាជីវៈ ដូចជាជំនាញជួសជុលម៉ូតូ ជាងដែក ជាងឈើ និងចិញ្ចឹមសត្វ (មាន់)ជាដើម។ បន្ថែមពីនេះទៅទៀត លោកស្រីក៏បានផ្តល់ជូននូវសំភារៈដូចជា មុងមួយ ភួយមួយ សាប៊ូមួយកញ្ចប់ និងថវិកាចំនួន ១២ម៉ឺនរៀល ក្នុងម្នាក់ៗ (លេខាធិការដ្ឋាន គ ខ ប ជ) និងម៉ាស៊ីនកាត់ឈើ មួយគ្រឿង និងម៉ូទ័រចំនួនមួយគ្រឿង (អង្គការទស្សនពិភពលោក)៕