សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមជាមួយសហប្រធានប្រទេសចិន


បន្ទាប់ពីបានអញ្ជើញក្នុងពិធីផ្ទេរតំណែង នៃកិច្ចប្រជុំសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang)អោយទៅប្រទេសឡាវរួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ជាមួយសហប្រធានប្រទេសចិន ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេស៤ទៀត និងពីបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសោមនស្សថា កិច្ចប្រជុំថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងល្អពេញចិត្ត ពីព្រោះប្រទេសទាំងអស់បានពិនិត្យឡើងវិញនូវវឌ្ឍនៈភាពដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី ១ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន កាលពីខែ មីនាឆ្នាំ ២០១៦ កន្លងទៅ។ មិនដល់២ ឆ្នាំផង យើងបានជំរុញយន្តការអនុតំបន់ថ្មីនេះអោយក្លាយជាគម្រោងកិច្ចប្រតិបត្តិការដ៏ពេញលេញមួយ។ ចំពោះសមត្ថភាពស្ថាប័ន គឺយើងកសាងបាននូវរចនាសម្ព័ន្ធប្រតិបត្តិការការងារពហុស្រទាប់ និងយន្តការអនុវត្តដែលមានលក្ខណៈរឹងមាំ និងពេញលេញ ហើយមានទំនុកចិត្តយ៉ាងមុតមាំថាយន្តការទាំងនេះ នឹងជំរុញឲ្យប្រទេសជាសមា ជិកទាំង៦អាចធ្វើដំណើរបានកាន់តែលឿនឆ្ពោះទៅរកគោលដៅ នៃការប្រែក្លាយកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ទៅជាសហគមន៍មួយដែលមានអនាគត សន្តិភាព និងវិបុលភាពរួមគ្នា ។

នៅក្នុងចំណោមបណ្ដាយន្តការនានា យើងបានបង្កើតឡើងនូវលេខាធិការ ដ្ឋានអង្គភាពសម្របសម្រួលថ្នាក់ជាតិនៅក្នុងប្រទេសជាសមាជិកទាំង៦ និងបានជំរុញក្រុមការងាររួមសម្រាប់វិស័យអាទិភាពសំខាន់ៗ នៃសហប្រតិបត្តិការឲ្យមានសកម្មភាពរស់រវើក។ បណ្ដាស្ថាប័នមួយចំនួនផ្សេងទៀតក៏នឹងត្រូវបានបង្កើតឡើងផងដែរ ដើម្បីជួយគាំទ្រដល់កិច្ចសហការមេគង្គ-ឡាន ឆាង រួមមានជាអាទិ៍: មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹក ,មណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថាន មេគង្គ-ឡានឆាង និងមជ្ឈមណ្ឌលសិក្សាទន្លេមេគង្គជាដើម។

ក្នុងការដាក់ចេញឲ្យអនុវត្តនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទ្រទ្រង់បណ្ដាគម្រោងខ្នាតតូចនិងមធ្យម, គឺយើងបានកត់សម្គាល់ប្រកបដោយក្ដីសោម នស្ស និងពេញចិត្តចំពោះ គម្រោងទាំង១៣២ ក្នុងក្រុមគម្រោងដំណាក់កាលទី១ ដែលទ្រទ្រង់ដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៧ ត្រូវបានអនុវត្តជាលំដាប់យ៉ាងខ្ជាប់ខ្ជួន។

កិច្ចប្រជុំថ្ងៃនេះពួកយើងបានឈានដល់ការសម្រេចបាននូវកុងសង់ស៊ីស និងអនុម័តនូវឯកសារសំខាន់ៗចំនួនពីរគឺ ១)សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាងលើកទី២ និងទី ២) ផែនការសកម្មភាព៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង២០១៨-២០២២។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនៈភាពចំពោះរាល់សមិទ្ធផលដែលសម្រេចបានដោយសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគត នៃកិច្ចសហប្រតិការមេគង្គ-ឡានឆាងនេះ និងបានថ្លែងអំណរគុណដល់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះតួនាទីដឹកនាំក្នុងការពន្លឿនរបៀបវារៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងចំពោះការគាំទ្រឥតងាករេលើភាពជាសហប្រធានរបស់កម្ពុជាក្នុងអំឡុងពេល ២ឆ្នាំកន្លងមកនេះ។ បន្ទាប់ពីសន្និសីទកាសែតនេះហើយ គឺប្រមុខដឹកនាំប្រទេសទាំង៦ បានអញ្ជើញពិសារអាហារពេលល្ងាចរួមគ្នានៅវិមានសន្តិភាព ប្រកបដោយ ភាពស្នីទស្នាល និងសប្បាយរីករាយក្រៃលែង៕