ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា ការស្នើពន្យារពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ របស់ទណ្ឌិត សម រង្ស៉ី គឺគំរាមដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តម​ ផៃ​ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា ការស្នើពន្យារពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ របស់ទណ្ឌិត សម រង្ស៉ី គឺគំរាមដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា ហើយប្រឆាំងសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​បរទេស កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​លើក​ឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ពន្យារ​ពេល​ការ​បោះឆ្នោត ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ អំពើ​ហិង្សា​នឹង​កើត​មាន​ឡើង ហើយ​កម្ពុជា ក៏​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ មិន​ទទួល​ស្គាល់​ទៀត​ផង។

ឆ្លើយតបនឹងការលើកឡើងបែបនេះ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដាក់លក្ខខណ្ឌពន្យារពេល នៃការបោះឆ្នោត ដែលមានអំណះអំណាងថា មានភាពចលាចល និងហឹង្សាព្រមជាមួយអន្តរជាតិ និងមិនទទួលស្គាល់ និងដាក់កម្ពុជាឱ្យនៅឯកោនោះ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យកម្ពុជាក៏ដូចជាប្រឆាំងនឹងសិទ្ធិស័្វយសម្រេចរបស់ប្រជាពលរដ្ឋកម្ពុជា នោះមិនគិតដល់ការនាំបរទេសមកលុកលុយដែនអធិបតេយ្យភាពកម្ពុជា»

ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា សំណើរបស់ លោក សម រង្ស៉ី គឺមានក្នុងបំណងអូសទាញមតិសាធារណៈឱ្យគេយល់ច្រឡំថា ខ្លួនមានតម្លៃ និងអំណាចនយោបាយប្រហាក់ប្រហែលជាមួយសម្តេចតេជោ ក្នុងកិច្ចពិភាក្សា ការពិតនោះគឺគ្មានតម្លៃណាដែលសម្តេចតេជោ ផ្តល់ឱ្យតម្លៃពិភាក្សានោះឡើយ។ លោកថ្លែងថា ខ្លួនលោក សម រង្ស៊ី គ្រាន់តែខ្លួនជាតួអង្គឧទ្ទាមរត់ចោលស្រុក ដែលគ្មានឥទ្ធិពល ឬទម្ងន់ឆ្លើយឆ្លងជាមួយសម្តេចតេជោនោះឡើយ។ ត្បិតលោក សម រង្ស៊ី ក៏ដូចជា CNRP មិនមែនជាភាគីជម្លោះប្រដាប់អាវុធ ឬនយោបាយនោះឡើយ គឺជាក្រុមល្មើសនឹងច្បាប់ ដែលតុលាការផ្ដន្ទាទោស។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តយ៉ាងដូច្នេះថា៖ «ការសុំពន្យាពេលការបោះឆ្នោត គឺជាការប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យ ដែលតែងតែធ្វើការបោះឆ្នោតនៅក្នុងការវិភាគទៀងទាត់ និងប្រក្រតីដែលបានចែងនៅក្នុងច្បាប់បោះឆ្នោត។ ប្រក្រតីភាពនេះគឺអនុវត្តជាទៀងទាត់អស់រយៈពេល៥អាណត្តិកន្លងមកហើយ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មីម្តងទៀតថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងជ្រើសរើសសមាជិករដ្ឋសភា ដែលបានកំណត់រួចហើយ មិនមានអ្វីផ្លាស់ប្តូរទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥ កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែលបានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុមអ្នកវិភាគផងដែរ»