ឯកឧត្តម គឹម សន្តិភាព បានថ្លែងថា ជនទាំងឡាយណាដែលធ្វើសកម្មភាពគគ្លើនប្រឆាំងច្បាប់ នឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ


(ភ្នំពេញ)៖ ដោយសំដៅទៅកាន់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ, ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បានថ្លែងថា ជនទាំងឡាយណាដែលធ្វើសកម្មភាពគគ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការបែបនេះ នឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ។

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន យ៉ាងដូច្នេះថា៖ «អ្នកនឹងក្លាយជាទណ្ឌិតក្នុងរឿងព្រហ្មទណ្ឌ ចំពោះសកម្មភាពគគ្លើនប្រឆាំងច្បាប់ និងសកម្មភាពមិនអនុវត្ត សេចក្តីសម្រេចរបស់តុលាការបែបនេះ!»

ឯកឧត្តម បានបន្តថា «សកម្មភាពអ្នកដែលបានអនុវត្ត និងកំពុងបន្តអនុវត្ត ក្នុងកាលៈទេសៈដែលបក្សបានរំលាយ ឬក្នុងពេលដែលអ្នកត្រូវបានហាមប្រាមមិនឱ្យធ្វើនយោបាយរួចហើយដោយតុលាការ គឺជាភស្តុតាងដាក់បន្ទុកនៃអំពើលើ្មសរបស់អ្នកក្នុងច្បាប់ព្រហ្មទណ្ឌ!»

ការលើកឡើងផ្នែកច្បាប់នេះ បានធ្វើឡើងស្របពេលដែល អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែបក្សរ​បស់ខ្លួន មានការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះ បានចាប់ផ្តើមធ្វើសកម្មភាពនយោបាយជាថ្មី តាមរយៈការបង្កើត «ចលនាសង្រ្គោះជាតិ» ដែលនឹងលេចចេញជារូបរាងផ្លូវការ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ ១សែនរៀល ដល់១លានរៀល។

ដោយឡែកមាត្រា៤២-ថ្មី នៃច្បាប់គណបក្សនយោបាយវិញ ក៏បានសង្កត់ធ្ងន់ដែរថា ការបន្តគ្រប់គ្រង ឬដឹកនាំគណពក្សនយោបាយ ដែលក្រសួងមហាផ្ទៃមិនយល់ព្រមចុះបញ្ចីគណបក្សនយោបាយ ឬគណពក្សដែលត្រូវតុលាការរំលាយ ក៏នឹងត្រូវទទួលទោសព្រហ្មទណ្ឌដាក់ពន្ធនាគារ១ខែ ដល់១ឆ្នាំផងដែរ៕