ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ២០១៨


នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទីស្តីការក្រសួង មហាផ្ទៃ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី។
កិច្ចប្រជុំមានគោលបំណងបូកសរុប ដកពិសោធន៍ លទ្ធផលការងារដែលសម្រេចបាន សំដៅធ្វើការ សន្និដ្ឋាន វាយតម្លៃចំណុចវិជ្ជមាន និងបញ្ហាប្រឈម ព្រមទាំងដាក់ចេញទិសដៅការងារឆ្នាំ២០១៨ ឲ្យបានសមស្រប និងប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមចំណែកដល់ការអនុវត្តឲ្យបានជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ចាក់អំពីសមិទ្ធិផលសម្រេចបានរួមមាន៖
បានផលិតវីដេអូអប់រំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងចំនួន៣វីដេអូ, វីដេអូណែនាំ​អ្នកប្រើប្រាស់ ម៉ូតូ(កំលាំងក្រោម១២៥សេសេ)១វិដេអូ និងវីដេអូស្តីពីជីវិតពិតនៃកុមារីដែលរងគ្រោះដោយ​សារគ្រោះថ្នាក់ចរាចរណ៍១វិដេអូ។​​​វីដេអូទាំងអស់នេះបានចាក់ផ្សាយរយៈពេល១ឆ្នាំតាមMyTV ប្រព័ន្ធបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
– បានអនុវត្តយុទ្ធនាការចែកមួកសុវត្ថិភាពទូទាំងប្រទេសបាន ចំនួន១៩,០៦០​ ​ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​(គិតត្រឹមថ្ងៃទី៣១​ ធ្នូ​ ឆ្នាំ២០១៧)​​​​ លើមួកដែលមានសរុប​​ចំនួន ២៦,២០០ មួក
– បានបិទស្ទីកឃ័រចំណាំងផ្លាតសុវត្ថិភាពចំនួនជាង៣​លានសន្លឹក(៣,៣៥៦,០៧៣)ទូទាំង​ប្រទេសដោយឥតគិតថ្លៃ
– បានចូលរួមកម្មវិធីសំនួរចម្លើយប្រចាំសប្តាហ៏ របស់ទូរទស្សជាតិកម្ពុជា ស្តីពីច្បាប់ចរាចរណ៍ ចំនួន៤៨លើក
– បានចូលរួមធ្វើការអប់រំផ្សព្វផ្សាយជាមួយ​​ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ​និងក្រសួងមហាផ្ទៃ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករកម្មការិនី និងបុគ្គលិកក្រុមហ៊ុន ប្រមាណ ៦៣,៩៣០នាក់ ក្នុងនោះអ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​​ចំនួន ២៤,២២០នាក់ នៅ១២រាជធានី-ខេត្ត
– បានផ្តល់សម្ភារៈអប់រំ ផ្សព្វផ្សាយ និងសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១២៥,៦០០ក្បាល
– បានកំពុងសហការជាមួយ​ADBដើម្បីដាក់ផ្លាកសញ្ញាចរាចរណ៍ឲ្យបានគ្រប់កន្លែងទាំងអស់ទូទាំង
ប្រទេស។
ទិសដៅអនុវត្តបន្តឆ្នាំ២០១៨ សម្រាប់ការងារសុវត្ថិភាពចរាចរណ៍៖
– រៀបចំក្រុមការងារត្រួតពិនិត្យកន្លែងកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនៅត្រីមាសទី១ឆ្នាំ២០១៨
– រៀបចំអនុក្រឹត្យស្តីពីការបិទចំណំាងផ្លាតនៅរថយន្តដឹកទំនិញ និងកុងតេន័រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ (នៅថៃបានចេញច្បាប់រួចហើយ)
– រៀបចំអនុក្រឹត្យស្តីពីការដាក់ប្រព័ន្ធGPS កំណត់ល្បឿន ទំងន់ និងទីតំណាងរថយន្តដឹកទំនិញ (ករណីសិក្សា​សម្រាប់រថយន្តដឹកប្រេង គឺខាងក្រុមហ៊ុនប្រេងតូតាល់បានអនុវត្តកម្មវិធីនេះ) គឺខាងក្រុមហ៊ុនបានដាក់GPS នៅរថយន្តសម្រាប់តាមដានការបើកបររបស់អ្នកបើកបរ
– រៀបចំដោះស្រាយកន្លែងដែលមានគ្រោះថ្នាក់ញឹកញាប់ ដោយឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនទំាងអស់ផ្តល់ស្ថិតិរបាយការណ៍កន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់(កន្លែងជើងកប)
– រៀបចំ និងដាក់ដំណើរការផ្លូវរថភ្លើងទៅអាកាសយានដ្ឋានអន្តរជាតិពោចិតុង និងបើកសម្ភោធការដ្ឋានដាក់ឲ្យដំណើរការផ្លូវដែក ចំនួន ២កន្លែង និង​ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍
– ជួសជុលផ្លូវជាតិលេខ៤ឡើងវិញ ដោយប្រើប្រាស់ថវិការរដ្ឋ
– ពន្លឿនការដាក់ផ្លាកសញ្ញាចរាចរណ៍នៅទូទំាងប្រទេស(តាមគំរោងរបស់ ADB)
– កំណត់ឲ្យគ្រប់ក្រុមហ៊ុនសាងសងផ្លូវទំាងអស់ ត្រូវដាក់ផ្លាកសញ្ញា នៅកន្លែងការដ្ឋានសាងសង់ផ្លូវ
– កំណត់ឲ្យរាល់ការសាងសង់ផ្លូវទំាងអស់ ត្រូវតែដាក់ផ្លាកសញ្ញាចរាចរណ៍ (បរិក្ខាសុវត្ថិភាពចរាចរណ៍)
– បន្ត និងបង្កើនការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់​​
– បន្តយុទ្ធនាការចែកមួកសុវត្ថិភាព ចំនួន ២៤,០០០មួកថែមទៀត ដើម្បីសម្រេចគោលដៅចែកមួក៥០,០០០មួក
– បន្តយុទ្ធនាការបិទស្ទីកឃ័រ​សុវត្ថិភាព ១,០០០,០០០សន្លឹកថែមទៀត ​នៅទូទាំងប្រទេស
– បញ្ចូលកម្មវិធីសិក្សាថ្នាក់ជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកពីថ្នាក់បឋមសិក្សាដល់ឧត្តមសិក្សា។
អញ្ជើញថ្លែងសន្ទរកថាបិទកម្មវិធីនាឱកាសនោះ សម្តេចក្រឡាហោម បានស្នើឱ្យយន្តការដឹកនាំថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្តបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមទិសដៅដែលបានដាក់ចេញ និងខិតខំដោះ ស្រាយបញ្ហាប្រឈមនានាប្រកបដោយនិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតី ប្តេជ្ញាចិត្ត និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឱ្យការងាររបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោកនៅឆ្នាំ២០១៨សម្រេចបានល្អប្រសើរថែមទៀត។

គួរកត់សម្គាល់ផងដែរថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោគឱ្យដឹងថា៖ បើប្រៀបធៀបមុនពេលរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ កម្ពុជាបាន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន១០៦៤លើក ស្មើ២៣% បានកាត់បន្ថយអ្នកស្លាប់ចំនួន៤៨៨នាក់ ស្មើ២១% និងបានកាត់បន្ថយអ្នករបួសចំនួន ១.៩៧១នាក់ ស្មើ ២៦%។
នៅចុងបញ្ចប់នៃកម្មវិធី សម្តេចក្រឡាហោម បានអញ្ជើញចែកប័ណ្ណសរសើរដល់តំណាងក្រសួង ស្ថាប័ន មន្ទីរ តំណាងក្រុមហ៊ុនជាតិនិងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ ដែលមានស្នាដៃល្អក្នុងការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។