មហាស្រះទឹក៦កន្លែងនៅស្រុកថ្មពួក ដែលជាអំណោយរបស់សម្តេចហ៊ុន សែន កសាងរួចរាល់


សៀមរាប: មហាស្រះទឹកចំនួន៦កន្លែង ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងរួចរាល់ជាស្ថាពរនៅក្នុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកកសាងស្រះទឹកខាងលើ។
នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ខេង សុមេធ ដែលដឹកនាំបញ្ជាផ្ទាល់ នៅកន្លែងជីកស្រះ នៅស្រុកថ្មពួក ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ស្រះទឹកទាំង៦កន្លែង ត្រូវបានបញ្ចប់ជាស្ថាពរហើយ ហើយជាមួយគ្នានោះមហាស្រះទឹកចំនួន១៤ផ្សេងទៀត ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា កំពុងប្រតិបត្តិការជីកយ៉ាងសកម្ម និងគ្រោងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
នាយឧត្តម សេនីយ៍ខេង សុមេធ បានមានប្រសាសន៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេ ជោបានប្រកាសផ្ទាល់ស្រះទឹកចំនួន៦កន្លែងជូនប្រជាពលរដ្ឋនៅស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បី ជីកត្រៀមស្តុកទឹកនៅរដូវវស្សា ដែលខិតជិតមកដល់នាពេលខាងមុខ។ ដោយឡែកស្រះទឹកចំនួន១៤ផ្សេងទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ក៏បានប្រកាសផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកអន្លង់ វែង ហើយឲ្យនាយឧត្តមសេនីយ៍ខេង សុមេធ ដែលជាមេបញ្ជាការកងវិស្វកម្មតេជោហ៊ុន សែន សៀមរាប ផងដែរនោះ ជាអ្នកទទួលការជីកទាំងអស់។
នាយឧត្តមសេនីយ៍បាន មានប្រសាសន៍ថា ស្រះទឹកចំនួន៧នៅស្រុកពួក បានជីករួចហើយនោះ គឺ អាចម៍ដីបានយកទៅចាក់ធ្វើផ្លូវជូនប្រជាពលរដ្ឋ បានជាច្រើនខ្សែ ហើយអាចម៍ដីមួយចំនួនធំទៀត បានយកទៅចាក់នៅទីធ្លាវត្តអារាម ទីធ្លាសាលារៀន និងមណ្ឌលសុខភាពនៅតំបន់នោះ។
នាយឧត្តម សេនីយ៍ខេង សុមេធ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះស្រះទឹកចំនួន១៤កន្លែង នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺកងវិស្វកម្មតេជោហ៊ុន សែន កំពុងជីកបានជាច្រើនភាគរយហើយ ហើយថានឹងបញ្ចប់នៅក្នុងរយៈពេលខ្លីខាងមុខនេះ ដែលជាប្រតិបត្តិការមួយធ្វើឲ្យលឿនជាងគម្រោងដែលបានគ្រោងទុក។
នាយ ឧត្តមសេនីយ៍ បានលើកឡើងថា ស្រះទឹកទាំង២០កន្លែងដែលពង្រាយនៅស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ និងក្នុងស្រះអន្លង់វែង ខេត្តឧត្តរមានជ័យ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្តុក ទឹកនារដូវវស្សាខាងមុខ និងជាការត្រៀមបំរុងសម្រាប់ការខ្វះខាតទឹកដោយយថាហេតុដូចឆ្នាំនេះ។
ក្នុងឳកាសនោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលទទួលបានផលពីស្រះទឹកនោះ ពួកគាត់រីក រាយដែលទទួលបានសមិទ្ធិផលដ៏មហាសាល ដែលអាចធ្វើឲ្យគាត់ទុកជាកេរ្តិ៍ដំណែលនៅថ្ងៃអនាគត។ ជាពិសេសកូនចៅជំនាន់ក្រោយ និងទទួលបានផល ពីការប្រើប្រាស់ទឹកនេះយ៉ាងគាប់ប្រសើរ៕
HUN SEN 14-5-2016 (1)

HUN SEN 14-5-2016 (2)

HUN SEN 14-5-2016 (3)