ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ស្រុកបារាយណ៍ ប្រកាសទទួលស្គាល់ ជាផ្លូវការសកម្មជន យុវជនបក្ស ភូមិ-ឃុំ


កំពង់ធំ៖ លោក ថោង ខុន សមាជិកគណ:កម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ជាក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានចុះទៅប្រកាសទទួលស្គាល់ជាផ្លូវការសកម្មជនយុវជនបក្សភូមិ ឃុំ នៃស្រុកបារាយណ៍ ដោយមានការចូលរួម ពីប្រធានយុវជនគណបក្ស ខេត្ត ស្រុក ឃុំ ក្រុមការងារថ្នាក់ក្រសួង ចុះជួយស្រុក ឃុំ ភូមិ ប្រធាន អនុប្រធាន សមាជិកគណ:កម្មាធិការ គណបក្សស្រុក ឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនបក្សភូមិ ឃុំ ស្រុកបារាយណ៍ សរុបប្រមាណ ១៤០០នាក់។
សកម្មជនយុវជន បក្សស្រុកបារាយណ៍ កើតចេញពីការបោះឆ្នោត តាមឃុំទាំង១៨ និងភូមិចំនួន១៨៤ភូមិ ដែលបានចាប់ផ្តើម ដំណើរការជ្រើសរើស ចាប់ពីខែមិនា ឆ្នាំ២០១៦ ដោយបានសម្រេចជ្រើសរើស សកម្មជនយុវជនបក្ស ចំនួន១០៨៨នាក់ (យុវជនភូមិ ៩៥៧នាក់ និងយុវជនឃុំ ១៣១នាក់) និងរៀបចំពិធី ប្រកាសទទួលស្គាល់នៅថ្ងៃនេះ។
បន្ទាប់ពីប្រធានគណបក្ស ស្រុករាយការណ៍ បង្ហាញពីលទ្ធផលការងារ ជ្រើសរើសសកម្មជនយុវជន បក្សភូមិ ឃុំ និងលោកប្រធានយុវជន គណបក្សស្រុក បានប្តេជ្ញាចិត្តរួចមក លោក ថោង ខុន ក៏បានបង្ហាញជូនយុវជន អោយបានដឹងច្បាស់ ពីប្រវត្តិគុណបំណាច់ស្នាដៃ និងការតស៊ូ របស់គណបក្ស ក្នុងការផ្តួលរលំ របបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេស ឡើងវិញចាប់ពីបាតដៃទទេរ រហូតដល់មាន ការអភិវឌ្ឍរីកចម្រើន មកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះ លោកប្រធានបានផ្តាំផ្ញើ ដល់យុវជនគណបក្ស ដែលទើបជាប់ឆ្នោត ជាកម្លាំងស្នូល និងជាអ្នកបន្តវេន របស់គណបក្សត្រូវ ខិតខំថែរក្សា និងការពារស្នាដៃ និងសមិទ្ធផលនានា របស់គណបក្ស មានគោលជំហរ ស្មារតី និងភាពស្មោះត្រង់ ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការ ដល់ក្រុមការងារ ក្នុងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស មានកិច្ចសហការល្អ ជាមួយប្រជាជន មហាជន និងយុវជន។
លើសពីនេះ ត្រូវចុះជាប់ជាមួយប្រជាជន និងសមាជិកបក្ស ដើម្បីក្តាប់ជាប់ពីសភាពការណ៍ នៅមូលដ្ឋាន និងត្រូវចេះតស៊ូមតិ និងធ្វើការវាយបក អោយទាន់ពេលវេលា ចំពោះការមួលបង្កាច់ ឬបំផ្លើសការពិតណាមួយពីក្រុមប្រឆាំង និងមជ្ឃដ្ឋានអគតិនានា មកលើរាជរដ្ឋាភិបាល និងគណបក្ស។
លោកបញ្ជាក់ថា “យុវជនត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន រួមទាំងភាសាបរទេស និងព័ត៌មានវិទ្យា ពោលគឺយុវជនត្រូវខិតខំជួយ ដល់ការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ អោយមានការរីកចម្រើន និងសំបូររុងរឿង ដូចអច្ឆរិយ:ប្រទេសនានា លើសកលលោក”៕

Thorg Khhun 14-5-2016 (1)

Thorg Khhun 14-5-2016 (2)

Thorg Khhun 14-5-2016 (3)