ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាំយកអំណោយចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយ ខ្យល់កន្ត្រាក់ចំនួន៧០០គ្រួសារ នៅក្នុងខេត្ដកំពង់ចាម


ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិម្ម និង ជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម រួមដំណើរ ដោយឯកឧត្តម ហ៊ុន ណេង សមាជិក សភាមណ្ឌលខេត្តកំពង់ចាម និងឯកឧត្តម លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម បាននាំអំណោយសង្គ្រោះ បន្ទាន់ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម យកទៅ ចែកជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧០០គ្រួសារ ដែលបណ្ដាលឱ្យខូចខាត ផ្ទះសម្បែង រងរបួសមនុស្ស និងស្លាប់។
ថ្លែងក្នុងពិធីសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម កាលពីថ្ងៃទី១៣ ខេឧសភា ឆ្នាំ២០១៦ ឯកឧត្តម យឹម ឆៃលី បានមានប្រសាសន៍សំដែងការនូវការចូលរួម សោកស្ដាយ ជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលបានបាត់បង់ធនធានទ្រទ្យសម្បតិ្តក្នុងមួយប្រព្រិច ភ្នែក ដោយសារគ្រោះធម្មជាតិ ដែលធ្វើឱ្យការរស់នៅរបស់បងប្អូនទទួលបន្ទុកលំបាកថែមទៀតជាមួយ នឹងការប្រឈមគ្រោះរាំងស្ងួត។
ឯកត្តមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការបណ្ដាំសាកសួរសុខពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ជូនចំពោះជនរួមជាតិទាំងអស់ ពិសេសបងប្អូនរងគ្រោះដោយសាខ្យល់កន្ត្រាក់ ដែលជា និច្ចជាកាលតែង បានគិតគូរដល់សុខទុក្ខចំពោះប្រជាពលរដ្ឋ តាមរយៈក្រុមការងារចុះមូលដ្ឋាន ក្នុងការជួយដោះស្រាយ ជានិច្ចដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលបានយកមកចែកជូននូវពេលនេះគ្រាន់ជាការបំពេញកង្វះខាតជា បន្ទាន់ប៉ុណ្ណោះ មិនអាចដោះស្រាយបានទាំងស្រុងទេ ដូចនេះ ក្នុងរដូវភ្លៀវបានចាប់ផ្តើមធ្លាក់បណ្តើរៗហើយ ដោយត្រូវត្រៀមលក្ខណៈចុះធ្វើស្រែចំការឱ្យទាន់រដូវ ដើម្បីដោះស្រាយជីវភាពរស់នៅរបស់បងប្អូន ពិសេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិ ដោយហេតុថាឆ្នាំនេះ ហាក់មានលក្ខណៈកាច សាហាវកាលណាមានភ្លៀង គឺមានខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលបង្កគ្រោះដល់ជីវិតបងប្អូន ហើយត្រចូលរួម ថែទាំសុខភាព និងគោរពច្បាប់ចរាចរ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងអស់គ្នា។
ជាមួយគ្នានេះ អំណោយចែកជូនដល់គ្រួសាររងគ្រោះ មានចំនួន៧០០គ្រួសារ ដោយរងគ្រោះធ្ងន់ រលំផ្ទះ ក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល និងស័ង្កសីចំនួន២០សន្លឹក។ គ្រួសាររងគ្រោះ ស្រាល បើងដំបូលធ្លាក់ពីជើងតាង ទទួលបាននូវថវិកាចំនួន៥ម៉ឺនរៀល និងជួយជួសជុល។ គ្រួសារដែលស្លាប់ ដោយសារន្ទះបាញ់ស្លាប់ ទទួលបានថវិកាចំនួន៤០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ខេត្តកំពង់ចាម បានទទួលរងគ្រោះដោយ ភ្លៀងលាយជាមួយខ្យល់កន្ត្រាក់ បោកបក់មកលើស្រុកចំនួន៤ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណជាង ៧០០គ្រួសារ រងគ្រោះដោយរលំ និងប៉ើងដំបូល ផ្ទះសម្បែង និងមនុស្សម្នាក់បានបាត់បង់ជីវិត ម្នាក់ទៀត របួសធ្ងន់ និង៧នាក់របួសស្រាល ហើយស្រុកដែលទទួលរងគ្រោះរួមមាន ស្រុកបាធាយ ជើងព្រៃ មានជាង ៥០០គ្រួសាររងគ្រោះ ក្នុងនោះ ១៣២គ្រួសារ រងគ្រោះធ្ងន់ធ្ងរ និងស្រាល៤២៨គ្រួសារ និងមនុស្ស៤នាក់ របួសស្រាស។ ចំណែកស្រុកព្រៃឈរមាន៩គ្រួសារ រងគ្រោះធ្ងន់៤គ្រួសារ និងស្រាល៥ គ្រួសារ និងស្រុក ស្ទឹងត្រង់ មាន១៨៤គ្រួសារ រងគ្រោះធ្ងន់២៨គ្រួសារ និងស្រាល១៥៦គ្រួសារ រន្ទះបាញ់ស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ និងស្រាល៣នាក់៕
Yim Chhayly 16-5-2016 (1)

Yim Chhayly 16-5-2016 (2)

Yim Chhayly 16-5-2016 (3)

Yim Chhayly 16-5-2016 (4)

Yim Chhayly 16-5-2016 (5)

Yim Chhayly 16-5-2016 (6)