សមាជិក បក្ស ក្តាប់សភាពការណ៍នៅមូលដ្ឋាន និងត្រូវចេះតស៊ូមតិ និងធ្វើការវាយបក អោយទាន់ពេលវេលា ចំពោះការមួលបង្កាច់ ឬបំផ្លើសការពិត


ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ លោកថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ជាផ្លូវការសកម្មជនយុវជនបក្សភូមិ ឃុំ នៃស្រុកបារាយណ៍ ដោយមានការចូលរួមពីលោក លោកស្រីជាប្រធានយុវជនគណបក្សខេត្ត ស្រុក ឃុំ ក្រុមការងារថ្នាក់ក្រសួងចុះជួយស្រុក ឃុំ ភូមិ ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សស្រុក ឃុំ សាខាបក្សភូមិ និងសកម្មជនយុវជនបក្សភូមិ ឃុំ ស្រុកបារាយណ៍ សរុបប្រមាណ ១.៤០០នាក់។
សកម្មជនយុវជនបក្សស្រុកបារាយណ៍ គឺកើតចេញពីការបោះឆ្នោតតាមឃុំទាំង១៨ និងភូមិចំនួន ១៨៤ភូមិ ដែលបានចាប់ផ្តើមដំណើរការជ្រើសរើសចាប់ពីខែមិនា ឆ្នាំ២០១៦ ដោយបានសម្រេចជ្រើសរើសសកម្មជនយុវជនបក្សចំនួន ១០៨៨នាក់ (យុវជនភូមិ ៩៥៧នាក់ និងយុវជនឃុំ ១៣១នាក់) និងរៀបចំពិធីប្រកាសទទួលស្គាល់នាពេលនេះ។
បន្ទាប់ពីលោក ប្រធានគណបក្សស្រុកបានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍ពីលទ្ធផលការងារជ្រើសរើសសកម្មជនយុវជនបក្សភូមិ ឃុំ និងលោកប្រធានយុវជនគណបក្សស្រុក ឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សកម្មជនយុវជនបក្សភូមិ ឃុំ ព្រមទាំងការប្តេជ្ញាចិត្តរបស់តំណាងសកម្មជនយុវជនស្រុករួចមក លោក ថោង ខុន បានមានប្រសាសន៍សំណេះសំណាលជាមួយសកម្មជនយុវជន ដោយបានជម្រាបជូនយុវជនអោយបានដឹងច្បាស់ពីប្រវត្តិ គុណបំណាច់ស្នាដៃ និងការតស៊ូរបស់គណបក្សក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញចាប់ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីកចម្រើនមកដល់សព្វថ្ងៃនេះ។
លោកបាន ផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសយុវជនគណបក្សដែលទើបជាប់ឆ្នោត ជាកម្លាំងស្នូល និងជាអ្នកបន្តវេនរបស់គណបក្សត្រូវខិតខំថែរក្សា និងការពារស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស មានគោលជំហរ ស្មារតី និងភាពស្មោះត្រង់ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការដល់ក្រុមការងារក្នុងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស មានកិច្ចសហការល្អជាមួយប្រជាជន មហាជន និងយុវជន។ ត្រូវចុះជាប់ជាមួយប្រជាជន និងសមាជិកបក្សដើម្បីក្តាប់ជាប់ពីសភាពការណ៍នៅមូលដ្ឋាន និងត្រូវចេះតស៊ូមតិ និងធ្វើការវាយបកអោយទាន់ពេលវេលាចំពោះការមួលបង្កាច់ ឬបំផ្លើសការពិតណាមួយពីក្រុមប្រឆាំង និងមជ្ឃដ្ឋានអគតិនានា មកលើរាជរដ្ឋាភិបាល និងគណបក្ស។ យុវជនត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន រួមទាំងភាសាបរទេស និងព័ត៌មានវិទ្យា។ យុវជនត្រូវខិតខំជួយដល់ការងារសង្គម និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើន និងសំបូររុងរឿងដូចអច្ឆរិយៈប្រទេសនានាលើសកលលោក៕