សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា


នៅថ្ងៃទី ២៧ មករា នេះ មុននឹងអញ្ជើញទៅចូលរួមប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ លោកស្រី Sushma Swaraj រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅសណ្ឋាគារ ថាចម៉ាហាល ដែលសម្តេចតេជោ កំពុងស្នាក់នៅ។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រីរដ្ឋមន្រ្តីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយ។ តាមរយៈទំនាក់ទំនងល្អនិងមិត្តភាពល្អនេះហើយ គឺបានផ្តល់ឱកាសអោយឥណ្ឌាបានចូលរួមជួយកម្ពុជាទាំងក្នុងសកម្មភាពមនុស្សធម៍ និងក្នុងការចូលរួមស្វែងរកសន្តិភាពដល់ម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ.

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះមិត្តភាពនិងសហប្រតិបត្តិកាល្អររវាងប្រទេសទាំង២ ហើយការចូលរួមចំណែករបស់ឥណ្ឌាគឺបានជួយដល់ការរីកចម្រើនរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានស្នើសុំអោយភាគីឥណ្ឌាពង្រឹងបន្ថែមនូវកិច្ចសហការគ្នាអោយកាន់តែល្អទៅលើបេសកកម្មអន្តរជាតិក្រោមឆ័ត្រ UN ដើម្បីការពារសុវត្ថិភាពបុគ្គលិក និងមន្រ្តីនៃប្រទេសទាំង២ ដែលកំពុងបម្រើការងារនៅតាមប្រទេសមួយចំនួនដូចជា Sudan, South Sudan, Central African Republic, Chad, Syria, Lebanon and Mali ជាដើម។ កន្លងមកកម្ពុជាចូលរួមតែកងកម្លាំង តែមិនទាន់បានចូលរួមជាគំនិតនៅឡើយ ដូច្នេះសូមអោយឥណ្ឌាសហការគ្នាអោយបានខ្លាំងលើចំណុចនេះ រួមទាំងការផ្លាសប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ចំណេះដឹងជំនាញជាដើម។

លោកស្រីរដ្ឋមន្រ្តីបានគាំទ្រជំហររួមក្នុងការធានាសុវត្ថិភាពកងទ័ពនៃប្រទេសទាំង២ក្នុងបេសកម្ម UN ហើយ នេះក៏ជាការព្រួយបារម្ភរបស់ឥណ្ឌាផងដែរ។ លោកស្រីនឹងពិភាក្សាជាមួយអគ្គលេខាធិការ UN លើចំណុចសំខាន់នេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺស្នើសុំអោយភាគីឥណ្ឌាពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ និងជំរុញអោយមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីទាក់ទាញ ទេសចរនៃប្រទេសទាំងពីរមកទស្សនាអង្គរវត្តនៅកម្ពុជា និងទៅទស្សនាទីសក្ការៈព្រះពុទ្ឋសាសនា និងតំបន់វប្បធម៍ប្រវតិ្តសាស្រ្តល្បីៗមួយចំនួនទៀតនៅឥណ្ឌា។ ស្របពេលជាមួយគ្នានេះដែរ សម្តេចតេជោ ក៏បានស្នើសុំអោយភាគីឥណ្ឌាបន្តជួយកម្ពុជា និងផ្តល់នូវឥណទានមួយចំនួនដើម្បីជំរុញការអភិវឌ្ឍន៍សហគមនៅតំបន់ជនបទមួយចំនួនដែលកំពុងត្រូវការទឹកស្អាត និងមន្ទីរពេទ្យជាដើម។

មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានស្នើអោយភាគីឥណ្ឌាបញ្ជូនអ្នកសង្កេតការទៅចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជាថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ ព្រោះឥណ្ឌា ជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជាអំពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៍ក្នុងពេលបោះឆ្នោតខាងមុខនេះ៕