សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា


ថ្ងៃ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្ដម Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា នៅវិមានរដ្ឋាភិបាល ទីក្រុង New Delhi ប្រទេសឥណ្ឌា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី និងប្រជាជនឥណ្ឌា ដែលបានរៀបចំកិច្ចប្រជុំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា ប្រកបជោគជ័យ និងការរៀបចំយ៉ាងអធិកអធមនូវខួបលើកទី ៦៩ នៃទិវាសាធារណរដ្ឋឥណ្ឌា ។ សម្ដេចតេជោ បានជម្រាបផងដែរថានេះជាលើកទី៤ ហើយនៃដំណើរទស្សនកិច្ចរបស់ សម្ដេចមកកាន់ប្រទេសឥណ្ឌា។ ប៉ុន្តែតាមពិតសម្តេចតេជោបានអញ្ជើញមកឥណ្ឌាចំនួនជាង២០លើកមកហើយ។ សម្ដេចតេជោ ជឿជាក់ថាទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ នឹងរួមចំណែកជំរុញទំនាក់ទំនងជាប្រពៃណីររវាងប្រទេសយើងទាំងពីរឲ្យឈានឡើងមួយកំរិតធំទៀត។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះមិត្តភាពល្អរបស់ឥណ្ឌា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការផ្តល់ឥណទាន និង ហិរញ្ញប្បទានឥតសំណងនាពេលកន្លងមក ហើយក៏ដូចជាការផ្តល់ហិរញ្ញប្បទានសម្បទានដល់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ និង ការបញ្ចប់នាពេលខ្លីខាងមុខ នូវគម្រោងសាងសង់ខ្សែបណ្តាញថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ KV ពីស្រុកសួង ខេត្តត្បូងឃ្មុំ ទៅស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង រួមទាំងការផ្តល់អណ្តូងស្នប់ចំនួន ១,៥០០ អណ្តូង ដើម្បីកែលំអរជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ និងការកាត់បន្ថយភាពក្រីក្រ និងជំនួយឥតសំណងចំនួន ១,៧ លានដុល្លារ ដើម្បីសិក្សាធនធានទឹកក្រោមដីនៅស្រុកបរសេដ្ឋ និងគងពិសី ខេត្តកំពង់ស្ពឺ(២០១៤-២០១៨)។ លើសពីនេះ ដោយមើលឃើញថា គម្រោងផ្ដល់អណ្ដូងទឹកស្អាតនេះដំណើរការបានល្អ សម្ដេចតេជោ ស្នើឥណ្ឌាពិនិត្យលទ្ធភាពផ្តល់ជំនួយឥតសំណងសម្រាប់ពង្រីកគម្រោងសិក្សាធនធានទឹកក្រោមដី ទៅក្នុងស្រុកចំនួន ៤ ទៀត ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវការថិកាចំនួន ៣,៨៧ លានដុល្លាអាមេរិក។ សម្តេចតេជោ ក៏បានស្នើអោយភាគីឥណ្ឌាជួយបំពាក់អណ្តូងស្នប់ដោយប្រើប្រព័ន្ឋកម្តៅព្រះអាទិត្យផងដែរ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ដោយសារទំហំសេដ្ឋកិច្ច កម្ពុជា ឥណ្ឌា នៅនមិនទាន់ស័ក្ដិសិទ្ធ សម្ដេចតេជោ ស្នើសុំអោយរដ្ឋាភិបាលឥណ្ឌានឹងលើកទឹកចិត្តវិនិយោគិនទៅបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត និងពិនិត្យលទ្ធភាពទិញផលិតផលកៅស៊ូ, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀតពីកម្ពុជាដោយត្រង់។ ចំពោះវិស័យវប្បធម៌វិញ សម្ដេចតេជោ សូម អគុណចំពោះការជួសជុលប្រសាទ អង្គរវត្ត និងប្រសាទតាព្រហ្ម ដំណាក់កាលទី ៣ និងឆន្ទៈជួសជុលប្រាសាទព្រះវិហា។

នៅក្នុងជំនួបទ្វេភាគីនេះដែរ សម្ដេចតេជោ អរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានរួមចំណែកជួយអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលរយៈវែង និងខ្លី ក្នុងវិស័យព័ត៌មានវិទ្យា កសិកម្ម ឧស្សាហកម្ម និងមន្រ្តីជំនាញអាជ្ញាធរអប្សរា។ សម្តេចបានស្នើសុំអោយឥណ្ឌាជួយផ្តល់បច្ចេកវិទ្យាIT ក្នុងការជួយកសិករជ្រើសរើសដី និងជីរដែលសមស្របក្នុងការប្រកបរបរកសិកម្មអោយទទួលបានទិន្នផលខ្ពស់។

ចំពោះការងារ កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និង សន្តិសុខ កម្ពុជាបានស្វាគមន៍ទស្សនកិច្ចសុឆន្ទៈរបស់កងនាវាឥណ្ឌាចំនួន៣លើក (ពីឆ្នាំ២០១៥ ដល់ ២០១៧) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បណ្ដុះបណ្ដាលកងទ័ពជើងទឹកកម្ពុជា និងធ្វើកម្មវិធីមនុស្សធម៌នៅកម្ពុជា និងសូមអរគុណឥណ្ឌាដែល បានផ្តល់ឆ្កែចំនួន ១៥ ក្បាល ដល់កម្ពុជាដើម្បីជួយដល់ការដោះមីននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ និង ផ្តល់វគ្គហ្វឹកហ្វឺនដល់កងកម្លាំងកម្ពុជាផ្នែករក្សាសន្តិភាពអង្គការសហប្រជាជាតិ។ សម្ដេចតេជោបានលើកឡើងថា ឥណ្ឌា និង កម្ពុជា គួរបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការចែករំលែកព៌ត័មានដល់គ្នាទៅវិញទៅមក ក្នុងពេលចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអ.ស.ប។ កម្ពុជាចង់បង្កើនការចូលរួមគឺមិនមែនតែលើការផ្តល់កម្លាំងនោះទេ តែយើងចង់រួមចំណែកជាគំនិតក្នុងការរៀបចំផងដែរ។ សម្ដេចតេជោ បានបន្តទៀតថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការពារទប់ស្កាត់ បញ្ហាភេរវកម្ម ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

នៅទីបញ្ចប់នៃកិច្ចប្រជុំទ្វេភាគី សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍ និង បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះរូបសម្ដេច និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងស្នាក់ក្នុងនៅប្រទេសឥណ្ឌា។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ នាយករដ្ឋម្ត្រី ក៏បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋឥណ្ឌា អញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របដើម្បីរក្សា និងជំរុញការបង្កើនសន្ទុះនៃទំនាក់ទំនងទ្វេភាគីរបស់យើងឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត៕