ឯកឧត្តម ផៃ ស៊ីផាន បានចាត់ទុកលិខិត របស់ សមាជិកសភា សហរដ្ឋអាមេរិក កុំទទួលស្គាល់លទ្ធផលបោះឆ្នោត គ្រាន់តែជាញាត្តិតស៊ូមតិតែប៉ុណ្ណោះ


ភ្នំពេញ ៖ មន្ត្រីនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានចាត់ទុកលិខិត របស់ សមាជិកសភា សហរដ្ឋអាមេរិកស្នើឲ្យ អង្គការសហប្រជាជាតិ កុំទទួលស្គាល់ លទ្ធផល បោះឆ្នោត គ្រាន់តែជាញាត្តិ តស៊ូមតិតែប៉ុណ្ណោះ ដែលគ្មានឥទ្ធិពលអ្វីឲ្យអង្គការ កំពូលមួយនេះ ធ្វើតាមខ្លួននោះទេ ។

ឯកឧត្តម ថា សមាជិកសភាអាមេរិក មួយចំនួនតូចនោះ គួរតែបញ្ចប់សកម្មភាព ប្រឆាំង និង ជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់កម្ពុជា ។

ប្រតិកម្មរបស់ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនាពេលនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសភាអាមេរិក មួយចំនួនតូច កាលពីថ្ងៃទី២៥ មករា បានសរសេរសំបុត្រស្នើឲ្យស្ថាប័ន អង្គការ សហប្រជាជាតិ កុំទទួលស្គាល់លទ្ធផល បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាមួយនិងចំណាត់ការដទៃទៀតមកលើកម្ពុជា ។

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ផៃស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកលិខិត របស់សមាជិកសភាសហរដ្ឋអាមេរិក​មួយចំនួនតូច ដែលស្នើឲ្យ ស្ថាប័នអង្គការសហប្រជាជាតិ កុំទទួលស្គាល់លទ្ធផល បោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះគ្រាន់តែជាញាត្តិ តស៊ូមតិតែប៉ុណ្ណោះ ។

ឯកឧត្តម បន្តថា “លិខិតស្នើសុំនោះ គឺមិនមានឥទ្ធិពលអ្វីលើអង្គការ សហប្រជាជាតិ នោះទេ ត្បិតអង្គការ សហប្រជាជាតិ ជាសមាគមសហប្រជាជាតិ របស់អង្គការនីតិប្រតិបត្តិ ឬ រដ្ឋាភិបាល តែប៉ុណ្ណោះ ហើយពុំមាន អ្វីពាក់ព័ន្ធគ្នា នោះឡើយ ក្រៅពី IPU ប៉ុណ្ណោះ”។

មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃស៊ីផាន បានសម្តែងការហួសចិត្ត និងសោក ស្តាយ ចំពោះអាកប្បកិរិយារបស់សមាជិកសភាមួយក្រុមតូច នោះរបស់សហរដ្ឋអាមេរិក ដែលមានចរិតចក្រព័ទ្ធ ហួសម័យ រំលោភឈ្លានពាន ចំពោះដំណើរការ នៃការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ដែលអនុវត្តតាមច្បាប់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ដែលមានចែងជាធរមាន នៃប្រជាជាតិអធិបតេយ្យ និងនីតិរដ្ឋមួយ ដែលជាសមាជិកពេញសិទ្ធិ និងស្មើភាពគ្នា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិនេះ។

ឯកឧត្តម បន្តថា បើទោះបីជាសហរដ្ឋអាមេរិក ជាមហាអំណាច យ៉ាងណាក៏ដោយ ក៏ប្រជាជាតិ នេះមានតែសន្លឹកឆ្នោត តំណាងតែមួយ សន្លឹក គត់នៅអង្គការសហប្រជាជាតិ ទាំង ស្ថិតនៅ ស្ថាប័នសន្និបាត ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ។

មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដដែលរូបនេះ បានរម្លឹកថា កន្លងមកសមាជិកសភា របស់សហរដ្ឋអាមេរិកតែងតែប្រឆាំង និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា គួរអោយខ្មាស អៀនតាំងពីអាណត្តិទីពីរមកម្ល៉េះ។ការឈឺចាប់របស់កម្ពុជា ក៏ដូចជាប្រជាជាតិអាមេរិកផងដែរ ដែលមិនចង់ឃើញបរទេសមកញាំញីរំខាននិងជ្រៀតជ្រែកការបោះឆ្នោត ដែលជាអធិបតេយ្យ របស់ខ្លួន។

ឯកឧត្តម ប្រាប់ឲ្យដឹងទៀតដែរថា បើទោះបីជាសហរដ្ឋអាមេរិកមិនគាំទ្រកម្ពុជា ប៉ុន្តែប្រទេស កម្ពុជា នៅមានប្រទេសជាច្រើនទៀត គាំទ្រ ដូចជាប្រទេសជប៉ុន ចិន រុស្ស៊ី និងប្រទេស បារាំងជាដើម ដែលនេះជាបង្គោលដ៏រឹងមាំ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ។

ដោយឡែក ចំពោះការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានឯកឧត្តម ផៃស៊ីផាន ពន្យល់ថា គឺជាកិច្ចវិនិច្ឆ័យក្តីដោយតុលាការកំពូល តាមរយៈអង្គច្បាប់ និងអង្គហេតុ និងក្នុងនាម​ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ ដោយមិនមានការប្រើ កម្លាំងប្រដាប់អាវុធ ឬហិង្សាណា មួយនោះឡើយ  ដែលធ្វើឲ្យ សន្តិភាព និងស្ថេរភាពនយោបាយ កម្ពុជានៅតែបន្តមាន កងប្រដាប់អាវុធ ជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងរីករាយ និងស្ថានភាពប្រក្រតីនេះ នោះទាំងវិស័យរដ្ឋ ក៏ដូចជាឯកជនជាមួយប្រទេសជិតខាងផងដែរ។

ឯកឧត្តមបន្តថា អស់រយៈពេលប្រាំអាណត្តិកន្លងមក កម្ពុជាទទួលបានឱកាស និងសិទ្ធិសេរី ជ្រើសរើសអ្នកតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះ គឺធ្វើតាម កំណត់ដែលបានចែងដោយច្បាប់ និងតាមការកំណត់ដោយជាក់លាក់ នៃច្បាប់បោះឆ្នោត របស់កម្ពុជា។ សិទ្ធិស្វ័យសម្រេចនេះជាមូលដ្ឋានពិតប្រាកដ និងរឹងមាំដែលជាគ្រឹះ ប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋាភិបាល គឺជាតំណាងប្រជាពលរដ្ឋខ្មែរ មិនមែន ជារដ្ឋាភិបាលដែលលើកបន្ដុបដោយយ បរទេសណាមួយ ក្នុងរយៈពេលប្រាំ អាណត្តិកន្លង មក។ ជាមួយនេះដែរ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានយល់ ឃើញថាសមាជិកសភាអាមេរិកមួយចំនួនតូចនោះគួរតែបញ្ចប់សកម្មភាព គ្មានភាព ស៊ីវិល័យ ប្រឆាំង និងជ្រៀតជ្រែកចូលកិច្ចការ បោះឆ្នោតរបស់កម្ពុជាជាដាច់ខាត ហើយលើកយកកិច្ច គោរពអធិបតេយ្យ និងផលប្រយោជន៍សន្តិភាព ជាអាទិភាពជាជាងមានឥរិយាបថ ចក្រព័ទ្ធនិយម ដែលហួសសម័យមកហើយ ៕