ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ការវិភាគរបស់លោក ឡៅ ម៉ុងហៃ គ្រាន់តែជាលើកឡើង ដើម្បីកុំឲ្យគេភ័ន្តច្រឡំប៉ុណ្ណោះ


ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ការវិភាគរបស់លោក ឡៅ ម៉ុងហៃ ថាចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី នឹងមិនទទួលបានជោគជ័យនោះ គ្រាន់តែជាលើកឡើង ដើម្បីកុំឲ្យគេភ័ន្តច្រឡំប៉ុណ្ណោះ ។

ការលើកឡើងរបស់ឯកឧត្តម ផៃ ស៊ីផាន បែបនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា អ្នកវិភាគនយោបាយកម្ពុជា និងជាអតីតជំនួយការផ្ទាល់ លោក កឹម សុខា លោក ឡៅ ម៉ុងហៃ បានថ្លែងថា លោកមិនមានសុទិដ្ឋិនិយម អំពីចលនាសង្គ្រោះជាតិនេះទេ ដោយសារស្ថានភាពកម្ពុជាបច្ចុប្បន្ន និងស្របពេលលោក សម រង្ស៊ី កំពុងស្ថិតនៅក្រៅប្រទេស ហើយចលនានេះ ប្រហែលមិនទទួលបានជោគជ័យឡើយ ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ថា “ឡៅ ម៉ុងហៃ គាត់និយាយហ្នឹង ដើម្បីកុំឲ្យគេចាប់អារម្មណ៍ ប៉ុន្តែយើងមានការចាប់អារម្មណ៍ យើងតាំងពីយូរហើយ យើងដឹងថា ពីរនាក់ហ្នឹងវាមិនបែកគ្នាទេ” ។

ឯកឧត្តមបន្តថា ការបង្កើតចលនាសង្គ្រោះជាតិនេះ មានទិសដៅ ឈានទៅបង្កើតរណសិរ្ស ដើម្បីគៀងគរកម្លាំងប្រឆាំង ជាមួយសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមបន្ថែមថា ចលនាសង្គ្រោះជាតិគ្រាន់តែគៀងគរកម្លាំង ដើម្បីជួយពង្រឹងគណបក្ស សម រង្ស៊ី ក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោត នាពេលខាងមុខ ។

សូមរំលឹកថា ចលនាសង្គ្រោះជាតិ ត្រូវបានប្រកាសបង្កើតជាផ្លូវការ ដោយអតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ៕