ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី នៅតែផ្គើនប្រកាសបង្កើត ចលនាសង្គ្រោះជាតិ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងបក្ខពួកមួយចំនួនទៀត នៅតែផ្គើនប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ហើយប្រើពាក្យញុះញង់៥ចំណុច ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន ។

ឯកឧត្តម សុខ ឥសាន លើកឡើង តាមរយៈបណ្ដាញសង្គម តេឡេក្រោម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ថា “គ្មានអ្នកណាយកត្រចៀកទៅស្តាប់ នឹងធ្វើតាមទេ ប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ កាន់តែប្តេជ្ញា ឆន្ទៈមោះមុត ដើម្បីចាត់ការបង្ក្រាប និងកម្ទេចចោលគ្រប់ពេល ដែលបានឃើញពួកឧទ្ទាមក្រៅច្បាប់នេះ ”។

ឯកឧត្តមបន្ដថា សកម្មភាពញុះញង់ ចង់បំផ្លាញសន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនា របស់ប្រជាជនគឺជា អំពើក្បត់ជាតិដែលលោក សម រង្ស៊ី បន្តវេនពីលោក សម សារី ជាឪពុកក្បត់ជាតិ របស់ សម រង្ស៊ី ។

ឯកឧត្តមថា ពួកប្រែតនរក ដែលកេងប្រវ័ញ្ចបច្ច័យខ្មោច កំពុងភិតភ័យស្លន់ស្លោរ ដែលយមបាលកំពុងតាមរកមុខហើយ ពួកគេប្រកាសថា មានអ្នកមកបុណ្យសព លោកបណ្ឌិត កែម ឡី រាប់លាននាក់ ។

ឯកឧត្តមបន្ថែមថា បើរាប់លាននាក់ គ្រាន់តែចូលបុណ្យម្នាក់តែ ១ដុល្លា ក៏បានរាប់លានដែរ មូលហេតុអីបាត់អស់ រកតែធ្វើចេតីយ៏មិនបានផង ។ ល្មមយកមកសងខ្មោចវិញ ទៅប្រយ័ត្នចុះនរកហើយការអំពាវនាវ ឲ្យរាជរដ្ឋាភិបាលធ្វើអន្តរាគមន៍ ទៅតុលាការគឺជាការរំលោភនីតិរដ្ឋ ដែលអស់លោកអ្នក តែងតែចង់បាននោះ មិនអាចទៅរួចទេ ទុកឲ្យតុលាការចាត់ការ តាមនីតិវិធីច្បាប់ទៅ ។

ឯកឧត្តមបញ្ជាក់ថា មានការចោទដើមបណ្តឹងថា អត់មានជាប់សាច់ញាតិ លោកបណ្ឌិត កែម ឡី ចុះអ្នកចេញមុខកាងបុណ្យសព លោកបណ្ឌិតនោះ មានជាប់សាច់ញាតិអ្វីដែរ ? អ្នកណាចាត់តាំង ឲ្យធ្វើគណកម្មការបុណ្យ  ក្រែងចាត់តាំងតែខ្លួនឯងទេតើ៕