រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម


នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក Do Quoc Hung អគ្គនាយករង នៃនាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានស្វាគមន៍ដល់គណៈ​ប្រតិភូ​វៀតណាម ដែលបានអញ្ជើញមកប្រជុំចរចាទាក់ទងនឹងកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០១៨-២០១៩។ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានវាយតម្លៃយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមករវាងប្រទេសទាំងពីរ ជាពិសេសក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងាររវាងប្រទេសទាំងពីរ ដែលបានបំពេញតួនាទីតាមការដាក់ចេញនូវភាពអនុគ្រោះពន្ធនាំចូលរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន។

លោក Do Quoc Hung ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីស្ដីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងទទូលស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូវៀតណាម និងរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំចរចារវាងក្រុមការងារនៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទី បានកោតសរសើរលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារទាំងពីរ និងបានជំរុញឲ្យបញ្ចប់នូវសេចក្ដីព្រាងចុងក្រោយ រួចដាក់ឆ្លងទៅថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីឈានដល់ការចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ។