បច្ចុប្បន្នកម្ពុជា មានអ្នកជំនាញទេសចរណ៍ជាង ២ពាន់នាក់ ដែលទទួលស្គាល់ដោយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក ដើម្បីត្រៀមខ្លួនសម្រាប់បម្លាស់ទីការងារក្នុងតំបន់


ថ្លែងក្នុពិធីប្រគល់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទេសចរណ៍ស្តង់ដាសមត្ថភាពអាស៊ាន ដល់សិស្សានុសិស្សប្រមាណ៤០០នាក់ នៅវិទ្យាស្ថាន «ប៉េ អេស អឺ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះកម្ពុជា មានអ្នកជំនាញទេសចរណ៍ប្រមាណជាង២០០០នាក់ រួចហើយ ដែលបានឆ្លងកាត់កម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន ដាក់ចុះដោយក្រសួងទេសចរណ៍ហើយអ្នកជំនាញទាំងនោះមានការទទួលស្គាល់គុណវុឌ្ឍិដោយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក ព្រមទាំងមានឱកាសបម្លាស់ទីការងារក្នុងតំបន់។

សិស្សានុសិស្សជ័យលាភីជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងនេះបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ ហើយបានបន្តការសិក្សាផ្នែកវិជ្ជាជីវៈទេសចរណ៍រយៈពេល៣ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រវិជ្ជាជីវៈ៣ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ការបញ្ចប់ការសិក្សាតាមស្តង់ដាអាស៊ានរបស់សិស្សានុសិស្សនៅសាលា «ប៉េ អេស អឺ» នៅពេលនេះ ក៏ជាជោគជ័យមួយទៀតរបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាគុណភាពអាស៊ាន ហើយកម្ពុជាក៏ជាប្រទេសនាំមុខគេក្នុងការអភិវឌ្ឍជំនាញអាស៊ាននេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា តាមការសិក្សាក្នុងចំណោមអ្នកជំនាញទេសចរណ៍កម្ពុជាប្រមាណ៦២ម៉ឺននាក់ មានអ្នកជំនាញប្រមាណ៤០% បានឆ្លើយតបទៅនឹងស្តង់ដាសមត្ថភាពអាស៊ាន ហើយក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍បន្ថែមទៀតប្រមាណ៦០%ទៀត ដើម្បីអាចឆ្លើយតបទៅនឹងស្តង់ដាសមត្ថភាពអាស៊ាន១០០% ត្រឹមឆ្នាំ២០២៥។

ឯកឧត្តមបានលើកឡើងថា៖ «កត្តាសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គមពេញផ្ទៃប្រទេសជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេស ក្នុងនោះវិស័យទេសចរណ៍កម្ពុជាក៏បានចូលរួមចំណែកប្រមាណ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ៥.៦លាននាក់ ក្នុងកំណើន១១.៨%»។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការព្យាករណ៍ជាមួយនឹងការមកដល់របស់ទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ ឧស្សាហកម្មទេសចរណ៍នឹងបង្កើតឱកាសការងារផ្ទាល់ប្រមាណ១លាននាក់ និងប្រមាណ១,២លាននាក់ នៅឆ្នាំ២០២៥ ព្រមទាំងប្រមាណ១,៧ លាននាក់ នៅឆ្នាំ២០៣០។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងទេសចរណ៍បានដាក់ចុះនូវសកម្មភាពយុទ្ធសាស្ត្រមួយចំនួនគាំទ្រដល់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍រួមមាន៖

* អនុវត្តកម្មវិធី ២០១៨សម្រាប់ស្តង់ដា និងវាយតម្លៃអ្នកជំនាញទេសចរណ៍ ឆ្ពោះទៅកាន់ការសិក្សាពេញមួយជីវិត (Lifelong learning) សំដៅអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដែលមានស្តង់ដាខ្ពស់ មានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាព អ្នកជំនាញទេសចរណ៍ដែលកំពុង បម្រើការងារបច្ចុប្បន្នតាមរយៈការវាយតម្លៃការសិក្សាពីមុន (RPL) ឲ្យទទួលបានគុណវុឌ្ឍិជាក់លាក់ ដើម្បីតម្រង់ទិសអាជីពការងារពេញមួយជីវិត។

* អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ពលករចំណាកស្រុក (Migrant Workers) ដើម្បីផ្តល់ឱកាសការងារ ក្នុងវិស័យទេសចរណ៍ដល់ពលករទាំងនេះ។

* ដាក់ចុះអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ទូទាំងប្រទេសដោយសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងជំនាញផ្សេងៗទៀត កម្មវិធីបណ្តុះបណ្តាលនេះ នឹងជួយឲ្យសិស្សានុសិស្សបញ្ចប់ថ្នាក់ទី៩អាចបន្តការ សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ រយៈពេល៣ឆ្នាំ ហើយទទួលបានសញ្ញាបត្រវិជ្ជាជីវៈដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

មុននឹងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើទៅសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រជំនាញអាស៊ានតាមវិថីអភិវឌ្ឍជំនាញទេសចរណ៍ (Tourism Skills Pathway) ដើម្បីចាប់យកឧត្តមភាពការប្រកួតប្រជែងទីផ្សារការងារក្នុងប្រទេស និងតំបន់ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងលើកទឹកចិត្តឲ្យសិស្សានុសិស្ស ដែលកំពុងធ្វើការងារតែមិនមានសញ្ញាបត្រ ឬវិញ្ញាបនបត្រវិជ្ជាជីវៈទេសចរណ៍ ចូលរួមការវាយតម្លៃការសិក្សាពីមុន (RPL) ដែលក្រសួងទេសចរណ៍បានដាក់ចុះនៅសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ «ប៉េ អេស អឺ»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើរផងដែរ ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសផុតពីគ្រឿងញៀន ពិសេសចូលរួមគាំទ្រ ការពារភាពរីកចម្រើន សុខសន្តិភាព និងស្ថេរភាពរបស់កម្ពុជា ព្រមទាំងគាំទ្រមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានខិតខំនាំមក និងថែរក្សាជូនដល់ប្រជាពលរដ្ឋកម្ពុជា៕