លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកប្រតិបត្តិ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត ប្រចាំឆ្នាំ២០១៨ របស់អនុសាខាសមាគមនារី ស្រុកក្រគរ។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកក្រគរ ដោយបានការចូលរួមពីសមាជិកាសមាគមនារីខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សមាជិកាអនុសាខានារីស្រុក និងថ្នាក់ដឹកនាំបណ្តាញនារីឃុំ ជិត៦០នាក់។
នៅក្នុងឱកាសនោះក៏មានពិធីប្រកាសបញ្ចូលសមាជិកាថ្នាក់កិត្តិយស ០១រូប, សមាជិកាថ្នាក់ប្រតិបត្តិអនុសាខា ០១រូប និងថ្នាក់ដឹកនាំបណ្តាញនារីឃុំ ៣រូប បន្ថែមលើរចនាសម្ព័ន្ធចាត់តាំងចាស់ របស់អនុសាខាសមាគមនារីស្រុកក្រគរ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ចំនួន៥៨៥រូប។
គួរបញ្ជាក់ថា សមាគមនារី គឺជាស្ថាប័នមួយតែងតែធ្វើសកម្មភាពក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់ពលរដ្ឋងាយរងគ្រោះ ពិសេសស្ត្រី និងកុមារី ដោយគ្មានការរើសអើងអ្វីឡើយ ដែលកន្លងមកនេះសមាគមនារីបានអនុវត្តន៍រួចមកហើយ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ហើយការចូលរួមជាថវិកា សម្ភារៈ ពីសំណាក់សមាជិក សមាជិកាគ្រប់ៗរូប គឺជាការកសាងនូវផលបុណ្យកុសលមួយដ៏ធំ មិនអាចកាត់ថ្លៃបាន និងចូលរួមចំណែកជួយដល់សង្គមផងដែរ៕