កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត ប្រចាំឆ្នាំ២០១៨ របស់អនុសាខាសមាគមនារី ស្រុកក្រគរ


លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកប្រតិបត្តិ លោកជំទាវ​ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៨ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ​ ប្រចាំឆ្នាំ២០១៧​ និងលើកទិសដៅអនុវត្តបន្ត​ ប្រចាំឆ្នាំ២០១៨​ របស់អនុសាខាសមាគមនារី​ ស្រុកក្រគរ​។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកក្រគរ​ ដោយបានការចូលរួមពីសមាជិកា​សមាគមនារីខេត្ត​ សមាជិកក្រុមប្រឹក្សាឃុំ​ សមាជិកាអនុសាខានារីស្រុក​ និងថ្នាក់ដឹកនាំបណ្តាញនារីឃុំ​ ជិត៦០នាក់។

នៅក្នុងឱកាសនោះក៏មានពិធីប្រកាសបញ្ចូលសមាជិកាថ្នាក់កិត្តិយស​ ០១រូប​,​ សមាជិកាថ្នាក់ប្រតិបត្តិអនុសាខា​ ០១រូប និងថ្នាក់ដឹក​នាំបណ្តាញនារីឃុំ​ ៣រូប​ បន្ថែមលើរចនាសម្ព័ន្ធចាត់តាំង​ចាស់ របស់អនុសាខាសមាគមនារីស្រុកក្រគរ​ ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ​ ចំនួន៥៨៥រូប។

គួរបញ្ជាក់ថា សមាគមនារី គឺជាស្ថាប័នមួយតែងតែធ្វើសកម្មភាពក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់ពលរដ្ឋងាយរងគ្រោះ ពិសេសស្ត្រី និងកុមារី ដោយគ្មានការរើសអើងអ្វីឡើយ ដែលកន្លងមកនេះសមាគមនារីបានអនុវត្តន៍រួចមកហើយ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ហើយការចូលរួមជាថវិកា សម្ភារៈ ពីសំណាក់សមាជិក សមាជិកាគ្រប់ៗរូប គឺជាការកសាងនូវផលបុណ្យកុសលមួយដ៏ធំ មិនអាចកាត់ថ្លៃបាន និងចូលរួមចំណែកជួយដល់សង្គមផងដែរ៕