ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម


នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងណែនាំកញ្ញា Amy Guihot ដែលជាមន្រ្តីបម្រើផ្នែកពាណិជ្ជកម្មកសិកម្មដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ជាដំបូងឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំ ណរគុណចំពោះលោកជំទាវដែលបានជួយជ្រោមជ្រែងឲ្យប្រតិភូនៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ដឹកនាំដោយជាបាននាំមកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនអំពីខ្សែសង្វាក់ផលិតកម្មកសិកម្មនៃការនាំចេញអង្ករ ចាប់តាំងពីការរៀបចំគោលនយោបាយ រហូតដល់ផលិតផលសម្រេច និងការគ្រប់គ្រងទីផ្សារ រួមទាំងផលិតកម្មចិញ្ចឹមគោយកសាច់សម្រាប់នាំចេញ និងជាពិសេសដំណើរទស្សនកិច្ចនេះគឺទទួលបាននូវពុទ្ធិមួយផ្នែកដល់ខ្សែសង្វាក់ផលិតកម្មស្រូវទុកគ្រាន់ជាមូលដ្ឋានក្នុងការកៃលម្អគោលនយោបាយស្រូវ-អង្កររបស់រាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន។
សូមរំលឹកផងដែរថា ក្នុងដំណើរទស្សនកិច្ចនោះឯកឧត្តមរដ្ឋមន្រ្តីបានលើកសំណើជូនរដ្ឋាភិបាលអូស្រ្តាលីជួយពិនិត្យពិចារណាលើកិច្ចសហប្រតិបត្តិការការងារបច្ចេកទេសទាក់ទងនិងការរៀបចំធ្វើផែនការមេ នៃការរៀបចំផែនទីកំណត់តំបន់ដាំដុះ ការចាត់ចំណាត់ថ្នាក់ដី គុណភាពដី និងប្រភពទឹកឲ្យសមស្របតាមប្រភេទដំណាំ។ ក្នុងការទទួលបានពត៌មានជាបឋមសម្រាប់គម្រោងនេះ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពង់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានរៀបចំក្រុមការងារនេះរួចជាសម្រេចហើយដើម្បីអនុវត្តតាមផែនរបស់ និងសង្ឃឹមថារដ្ឋាភិបាលអូស្រ្តាលីតាមរយៈលោកជំទាវអគ្គរាជទូតនឹងគាំទ្រគម្រោងនេះឲ្យអស់លទ្ធភាព។
ជាការឆ្លើយតបលោកជំទាវបានសម្តែងនូវទឹកចិត្តសប្បាយយរីករាយចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋ មន្រ្តីទៅកាន់ប្រទេសអូស្រ្តាលីដែលទទួលបានលទ្ធផលជាផ្លែផ្កា។ លទ្ធផលនេះអាចជាបទពិសោធន៍សម្រាប់យកមក អភិវឌ្ឍន៍វិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការធ្វើទំនើបកម្មកសិកម្មក្នុងពេលអនាគត ពិសេសលើផលិតកម្មដំណាំស្រូវតាមរយៈគម្រោងវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ហើយលោកជំទាវរំពឹងថាអង្គរកម្ពុជានៅនាំទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីកាន់តែច្រើន។ ក្នុងឱកាសនោះផងដែរ លោកជំទាវបានជម្រាបជូនថារដ្ឋាភិបាលអូស្រ្តាលីបានទទួលសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបាននិងកំពុង ពិនិត្យ ពិចារណា បន្ទាប់មកនឹងផ្តល់ចម្លើយជូនក្នុងពេលឆាប់ៗ ។ ទន្ទឹមនឹងនេះផងដែរ លោកជំទាវក៏បានជម្រាបជូនឯកឧត្តមបានជ្រាបផងដែរថា រដ្ឋាភិបាលអូស្រ្តាលី នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាង អូស្រ្តាលី អាស៊ាន និងវេទិកាដ៏ទៃទៀត នៅខែមិនាឆ្នាំ២០១៨ ខាងមុខនេះ ហើយសង្ឃឹមថានឹងមានការពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិលើវិស័យកសិកម្ម និងពាណិជ្ជកម្ម រវាងអូស្រ្តាលី និងអាស៊ានផងដែរ ។

ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និតស្នាល យោគយល់គ្នា ប្រកបដោយមិត្តភាពនិងសហប្រតិបត្តិការគ្នាខ្ពស់ ។