លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីនៅប្រាសាទនាគរាជតេជោមរកត


រសៀលថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋ​មន្រ្ដី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក និងឧទ្ទិសថ្វាយដល់ទសបារមីនៃប្រាសាទនាគរាជតេជោមរកត សម្រាប់តម្កល់ព្រះបិតានាគ (ស្តេចនាគ) សម្រាប់រៀបចំពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែក ដែលពិធីនោះក៏បានអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ លោកជំទាវ ហ៊ុន សេងនី (អ្នកផ្តួចផ្តើមគំនិតក្នុងការកសាង) ឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី សមាជិក សមាជិកា នៃខេត្តសៀមរាប ពិធីនេះត្រូវបានរៀបចំឡើង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះលោកជំទាវក៏បានថ្វាយគ្រឿងសក្ការៈបូជា ភ្ញីផ្កា ​ចំពោះព្រះភក្រ្តបិតានាគ ក៏បានឧទ្ទិសបួងសួងដល់បារមី និងវត្ថុសក្តិសិទ្ធិនៃប្រាសាទនេះតាមប្រោះព្រំបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ដ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបទទួលបាន នូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។