មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ប្រាប់ដល់អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវប្តេជ្ញាការពារដីរដ្ឋ


ឯកឧត្តម ទេព ធន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ដល់អាជ្ញាធរខេត្ត ក៏ដូចជាអង្គភាពពាក់ព័ន្ធ ត្រូវប្តេជ្ញាការពារដីរដ្ឋ ដោយទប់ស្កាត់អោយបាននូវការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ក៏ដូចជាការទប់ស្កាត់សំណង់ខុសច្បាប់ និងគ្មានច្បាប់ ។ការលើកឡើងដូចនេះរបស់ ឯកឧត្តម ទេព ធន គឺបានធ្វើឡើងនៅក្នុងឱកាសដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តរតនគិរី រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ ២០១៨ នៅរដ្ឋសាលាខេត្ត កាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៨ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការប្តេជ្ញាការពារដីរដ្ឋ និងការទប់ស្កាត់សំណង់ខុសច្បាប់ និងគ្មានច្បាប់ដូចនេះ គឺដើម្បីការពារអោយខានតែបាននូវសម្បត្តិរបស់រដ្ឋ ក៏ដូចជាដើម្បីថែរក្សានូវសោភ័ណ្ឌភាព និងបរិស្ថាន ក្នុងន័យអភិវឌ្ឍមូលដ្ឋានអោយមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ។ ហើយអាជ្ញាធរដែនដី ក៏ដូចជាអង្គភាពពាក់ព័ន្ធ អោយត្រូវជួយផ្តល់ភាពងាយស្រួល និងសហការដឹកនាំ ក្នុងនាមជាគណៈបញ្ជាការឯកភាពមូលដ្ឋានដល់មន្រ្តីជំនាញ នៃមន្ទីររៀបចំដែនដីខេត្ត ក្នុងការធ្វើសេនាធិការបច្ចេកទេស ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋអោយមានគុណភាព តម្លាភាព និងប្រសិទ្ធភាព លើវិស័យរដ្ឋបាលដីធ្លី ។
ថ្លែងក្នុងពិធីបើកសន្និបាតរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តនាពេលនោះផងដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ដែលបានបំពេញភារៈកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់មន្ទីររៀបចំដែនដីខេត្ត អោយខិតខំបន្ថែមទៀតក្នុងការពន្លឿនផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋអោយបានឆាប់រហ័ស និងត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់អោយបាននូវបាតុភាពអវិជ្ជមាននានា ដើម្បីធានាទប់ស្កាត់អោយបាននូវសំណង់ខុសច្បាប់ រួមទាំងការនន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ផងដែរ ៕