ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ


ថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍លើកឡើងថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិត ស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែសទ្បើយ។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។

ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្រ្ត ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជ រដ្ឋាភិបាល។ ក្រុមប្រឹក្សានេះ នឹងសិក្សាស្រាវជា្រវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ ឈ្នះ។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានចំនួន១៤លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៧០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ នេះ ដោយបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថ ប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាព កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៨៧ដុល្លារអាមេរិក ទៅ ១៩៨ ដុល្លារអាមេរិក ក្នុងមួយខែ។ បន្ថែមលើនេះ បើគិតត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ២០១៨ ប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និង ផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់យើងក្នុងវិស័យនេះមួយចំនួនដូចជា ប្រទេសបង់ក្លាដេស (៦៧ដុល្លារ) ស្រីលង្កា (៦៧ដុល្លារ) ឥណ្ឌា (៧៧ ដល់ ១៤៣ដុល្លារ) មីយ៉ាន់ម៉ា (៧៩ដុល្លារ) ប៉ាគីស្ថាន (១៣៤ដុល្លារ) ឡាវ (១១០ដុល្លារ) តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាមផងដែរ។
ដូច្នេះ សមទ្ធិផលទាំងអស់នេះមិនមែនជាការកើតទ្បើងដោយចៃដន្យនោះទេ គឺកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបើកឲ្យមានការចូលរួមសហការ ផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែង ដូចជាដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះតែម្តង ដែលកន្លងមកក្រសួងបានដាក់ឲ្យមានកិច្ចពិគ្រោះយោបល់ និងទទួលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិចារណា និងកែសម្រួល ដូច្នេះ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាច្បាប់មួយដែលមានភាពល្អប្រសើរគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់ពីការដាក់ឲ្យអនុម័តប្រើប្រាស់រួច។

គូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យមានការប្រជុំពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់នេះចំនួន០២ លើករួចមកហើយ ដែលលើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ បន្ទាប់មក សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក៏ត្រូវបានធ្វើទ្បើងចំនួន០២លើកផងដែរ គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ និងថ្ងៃ២២ ខែសីហា ឆ្នាំ២០១៨។ តាមរយៈកិច្ចប្រជុំត្រីភាគី និងសិក្ខាសាលាពិគ្រោះយោបល់ទាំងនោះ ក្រសួងបានទទួលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ភាគីសហជីព ភាគីនិយោជក អង្គការអន្តរជាតិខាងការងារ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ហើយក្រុមការងារកសាងខ្លឹមសារសេចក្តីព្រាងច្បាប់ក៏បានសិក្សាផ្ទៀងផ្ទាត់មើលមតិយោបល់ទាំងនោះ ដើម្បីកែសម្រួល និងដាក់ឲ្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនាពេលនេះ៕