ឯកឧត្តម ឡេង ប៉េងឡុង ថា រដ្ឋសភាមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ណាមួយ ដែលគណៈរដ្ឋមន្ត្រី បានអនុម័តកាលពីពេលថ្មីៗនេះនៅឡើយទេ


ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ថា រដ្ឋសភាមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់ណាមួយ ដែលគណៈរដ្ឋមន្ត្រី បានអនុម័តកាលពីពេលថ្មីៗនេះនៅឡើយទេ រួមទំាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ ។

គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី២ កុម្ភៈ ដោយ បានអនុម័តលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ , សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ , សេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។យ៉ាងណាក្តីអ្នកនំាពាក្យរដ្ឋសភាក៏បានឲ្យដឹងដែរថា សេចក្តីព្រាងច្បាប់ទំាងនោះអាចនឹងទៅដល់ដៃរដ្ឋសភា នៅថ្ងៃទី៥ កុម្ភៈ ស្អែកនេះ។

ឯកឧត្តមបញ្ជាក់ថា “យើងមិនទាន់ទទួលបានសេចក្តីព្រាងច្បាប់អ្វីទេមកដល់ពេលនេះ តែប្រហែលជាស្អែកមកដល់ហើយ ព្រោះថាច្បាប់នេះ មានការប្រញាប់ ។ យើងនឹងធ្វើតាមនីតិវិធី ដោយបើកកិច្ចប្រជុំអចិន្ត្រៃយ៍ពិភាក្សា ដើម្បីដាក់បញ្ជូនទៅគណៈកម្មការជំនាញរដ្ឋភាពិនិត្យសិក្សា  រួចហើយដាក់មកគណៈកម្មាធិការអចិន្ត្រៃយ៍វិញ ។ តែច្បាប់នេះមានការប្រញាប់ និងមានការបើកសម័យប្រជុំវិសាមញ្ញហើយ ព្រោះពេលនេះសភាវិសមកាល (វ៉ាកង)”។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនោះ បានបន្ថែមខ្លឹមសារមួយចំនួន ក្នុងនោះមិនអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូប ធ្វើសកម្មភាពណាមួយដោយផ្ទាល់ក្តី ឬប្រយោលក្តីដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស និងពលរដ្ឋខ្មែរឡើយ ។

យោងខ្លឹមសារសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ដែលនឹងដាក់ជូនទៅសម្តេច ហេង សំរិនប្រធានរដ្ឋសភា បានធ្វើវិសោធនកម្មចំនួន៥ មាត្រា គឺមាត្រា ៣៤ , មាត្រា៤២ , មាត្រា៤៩ , មាត្រា៥៣ និងមាត្រា១១៨ ។ ក្នុងនោះចំណុចសំខាន់នៃមាត្រានីមួយៗគឺមាត្រា៣៤ត្រូវបានវិសោនកម្មទៅជាមាត្រា ៣៤ថ្មី(មួយ) ដោយពលរដ្ឋខ្មែរទំាងពីរភេទមានសិទ្ធិបោះឆ្នោត  និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត ។  មាត្រា៤២ថ្មី មានខ្លឹមសារថាពលរដ្ឋខ្មែរមានសិទ្ធិ បង្កើតសមាគមនិងគណបក្សនយោបាយ ។ មាត្រា៤៩ថ្មី ពលរដ្ឋគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ។  មាត្រា៥៣ថ្មី កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអាព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។

កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទទៀតទំាងអស់នៅលើសកលលោក ។ និងមាត្រា១១៨ថ្មី(មួយ) ក៏បានសម្រេចលុបថ្នាក់រដ្ឋលេខាធិការចេញជាសមាជិកគណៈរដ្ឋមន្ត្រីផងដែរ ៕