ឯកឧត្តម សុខ ឥសាន បានលើកឡើង ថា” ហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មិនអាចខ្វះមួយណាបានឡើយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី៧ កុម្ភៈ នេះបានលើកឡើងថាសង្គម មួយដែលមានតែ ប្រជាធិបតេយ្យ គ្មាននីតិរដ្ឋនឹងក្លាយ ទៅជាសង្គមអនាធិបតេយ្យ អត់សណ្តាប់ធ្នាប់ នាំដល់អយុត្តិធ៌មសង្គម បែកបាក់សាមគ្គីផ្ទៃក្នុង និងឈានទៅដល់ផ្ទុះសង្គ្រាមទៀតផង ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាមថា” ហេតុនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទន្ទឹមគ្នា ព្រមៗគ្នា មិនអាចខ្វះមួយណាបានឡើយ ។ ដោយសារការអនុវត្តលទ្ធិប្រជាធិបតេយ្យ ព្រមគ្នាជាមួយនីតិរដ្ឋនេះហើយបានជា កម្ពុជាអាចរក្សាបានសន្តិភាព ស្ថេរភាពនយោបាយនិងមានយុត្តិធ៌មសង្គម ល្អប្រសើរធ្វើឲ្យសង្គមកម្ពុជាមានសុខដុមរមនាក្នុងប្រជាជន កម្ពុជាទាំងមូល ទោះជនជាតិខុសគ្នា ជំនឿសាសនាខុសគ្នា និងនិន្នាការនយោបាយខុសគ្នាក្តី”។

ឯកឧត្តមបានលើកឡើងបន្ថែមថាការវាយតម្លៃថា កម្ពុជាគ្នាននីតិរដ្ឋនោះ មិនបានផ្សារភ្ជាប់នឹងការពិតនៅកម្ពុជាទេ ។ កម្ពុជាចង់បានសន្តិភាព ស្ថេរភាពនយោបាយល្អតែមិនបាច់បានលេខល្អក៏បានដែរ។ សូមអស់លោកយកលេខល្អចុះ ហើយការផ្ទុះគ្រាប់បែក ការបាញ់បោះរាល់ថ្ងៃក៏ អញ្ជើញយកដែរចុះ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានណែនាំឲ្យរាជរដ្ឋាភិបាល នៃគណបក្សឈ្នះឆ្នោតដើរតាមគន្លង លទ្ធិប្រជាធិបតេយ្យ។រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្ស ឈ្នះឆ្នោតតែងតែគោរពនិងអនុវត្តតាម ស្មារតីនេះគឺប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ ដើម្បីធានាឲ្យលទ្ធិប្រជាធិបតេយ្យអាចដំណើរការដោយរលូន និងមាននិរន្តរភាព រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និង មានយុត្តិធ៌មសង្គម ទាមទារឲ្យមាននីតិរដ្ឋផងដែរ ។

ឯកឧត្តម សុខ ឥសាន ក៏បានបញ្ជាក់ផងដែរថា”ដោយសារទីតាំងកម្ពុជា ជាភូមិសាស្ត្រនយោបាយរបស់ប្រទេសធំពួកគេមួយចំនួនមិនចង់ឲ្យកម្ពុជាបានសុខទេ ។ គេនាំគ្នាវាយតម្លៃថាអញ្ចេះ អញ្ចុះជាពិសេសថាកម្ពុជាអត់នីតិរដ្ឋ ដែលគេដាក់ចំណាត់ថ្នាក់កម្ពុជានៅលេខចុងប៉ូចគេលើពិភពលោក ។ ឯពួកគេសុទ្ធតែលេខល្អៗ ដែលបញ្ជាក់ថានីតិរដ្ឋល្អណាស់រឹងមាំណាស់ ។ ប៉ុន្តែ បើនីតិរដ្ឋល្អ រឹងមាំ លេខល្អ ហេតុម៉េចបានជាផ្ទុះគ្រាប់បែកសឹងរាល់ថ្ងៃ បាញ់ប្រហារគ្នាសឹងរាល់ថ្ងៃ ?នេះគឺមកពីអយុត្តិធ៌មសង្គមបើគ្មានយុត្តិធ៌មសង្គម គឺគ្មានទេលទ្ធិប្រជាធិបតដយ្យនិងនីតិរដ្ឋនោះ”៕