រុស្ស៊ីនិងអាស៊ាន ១០ប្រទេស ត្រៀមកិច្ចប្រជុំកំពូល


HS in Russia 19 05 16 copy

     សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ បានចាកចេញពីក្រុងមូស្គូ រួចបន្តដំណើរទៅកាន់ក្រុង Sochi ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន គម្រប់ខួប ២០ឆ្នាំ ។ កិច្ចប្រជុំកំពូលរុស្ស៊ីអាស៊ាន នឹងប្រារព្ធនៅថ្ងៃទី១៩ និង ទី២០ ខែឧសភា ឆ្នាំ ២០១៦ ។

     សេចក្តីរាយការណ៍ពីប្រទេសរុស្ស៊ី បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសដែលចូលរួម ដោយនឹងជជែកលើបញ្ហានានា រួមទាំងសន្តិសុខក្នុងតំបន់… ការរកវិធីទប់ស្កាត់គ្រោះគំរាមកំហែងនៃអំពើភេរវកម្ម… ភាពជ្រុលនិយមហូសហេតុបង្កហិង្សា និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនផងដែរ ។ កិច្ចប្រជុំកំពូលរុស្ស៊ីអាស៊ានគម្រប់ខួប ២០ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមពាក្យស្លោក «សំដៅទៅមុខនៃដៃគូយុទ្ធសាស្ត្រ ដើម្បីបុព្វហេតុនៃអំពើល្អរួមគ្នា» Towards Strategic Partnership for the Sake of the Common Good ។

     យោងតាមសេចក្តីរាយការណ៍ពីប្រទេសរុស្ស៊ី ផលទុនក្នុងស្រុកសរុប GDP នៃប្រទេសទាំង១០ របស់អាស៊ាន បានស្ថិតក្នុងកម្រិត ៣.៥ទ្រីលានដុល្លារ នាបច្ចុប្បន្ននេះ ហើយនឹងត្រូវគេរំពឹងថា នឹងកើនឡើងដល់ ៤ទ្រីលានដុល្លារ រហូតដល់ឆ្នាំ ២០២០ ។