ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស


នៅរសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស និងសហការី ដើម្បីពិភាក្សាការងារពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកនេះរបស់ ឯកឧត្តម អែដ វៃហ្សី ហើយក៏បានជម្រាបជូនត្រួសៗពីស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដោតលើការវិនិយោគមួយចំនួនក្នុងវិស័យសំណង់ សម្លៀកបំពាក់ ជាពិសេស Marks and Spencer ដែលបានបញ្ជាទិញក្នុងកម្រិតធំមួយផងដែរពីរោងចក្រនៅកម្ពុជា។

ឯកឧត្តម អែដ វៃហ្សី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហើយបានកោតសរសើរអំពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ដោយឯកឧត្តមមិនបានគិតថាមានការអភិវឌ្ឍន៍ដល់កម្រិតនេះ។ លើសពីនេះទៀត ឯកឧត្តម ក៏បានយល់ច្បាស់បន្ថែមទៀតអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការជួបជាមួយវិនិយោគិនចក្រភពអង់គ្លេសមួយចំនួនដែលឯកឧត្តមបានជួប។ ក្រៅពីនេះទៀតឯកឧត្តម បានកត់សម្គាល់លើវិស័យមួយចំនួនដែលមានសក្ដានុពលខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនបន្ថែមទៀតរួមមានសុខាភិបាល កសិកម្ម ជាពិសេសម្រេច បច្ចេកវិទ្យា ទេសចរណ៍ និងសំណង់។

នៅក្នុងការជួបប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលបំណងមួយចំនួនរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យរឹតតែប្រសើរថែមទៀត តាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស កិច្ចសហការបច្ចេកទេស និងការជំរុញឲ្យមានអ្នកវិនិយោគមកពីចក្រភពអង់គ្លេសបន្ថែមទៀត។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាជាការចង់បានរបស់កម្ពុជា ដោយយោងលើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហគមន៍អ៊ឺរ៉ុប ដើម្បីធានាបានការអនុគ្រោះពន្ធគយនានាដែលកម្ពុជាធ្លាប់ទទួលបានតាមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហគមន៍អ៊ឺរ៉ុប។ លើកិច្ចសហប្រតិបត្តិការបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រី លើកពីវិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិច អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំពោះការវិនិយោគវិញ ឯកឧត្តម បានលើកឡើងពីទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជាចំកណ្ដាលអាស៊ាន ដែលមានភាពងាយស្រួលក្នុងការនាំចេញពីកម្ពុជាទៅកាន់ប្រទេសអាស៊ាន និងដៃគូដទៃទៀតក្នុងតំបន់ និងពិភពលោក។ លើសពីនេះបរិយាកាសធុរកិច្ចរបស់កម្ពុជា ជាពិសេសការអនុញ្ញាតឲ្យវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ក្រុមហ៊ុន ១០០% ជាចំណុចទាក់ទាញផងដែរ។ ម្យ៉ាងវិញទៀត ដោយក្រុមហ៊ុនមកពីចក្រភពអង់គ្លេសមានជំនាញ ស្ដង់ដារ និងបច្ចេកវិទ្យាខ្ពស់ នោះនឹងផ្ដល់ជូននូវផលចំណេញបន្ថែមទៀតសម្រាប់ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងស្រុក។ ជាមួយនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យមានការវិនិយោគលើវិស័យកម្មន្ដសាលកម្មធុនស្រាល និងការដំឡើងរថយន្តនៅកម្ពុជាផងដែរ។

ឯកឧត្តម អែធ វៃហ្សី បានទទួលយកការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នឹងសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និតបន្តទៀតរវាងប្រទេសទាំងពីរ។