វេទិការភ័ស្តុភារកម្មរបស់អង្គការEuroCham ឆ្នាំ២០១៨ស្តីពី៖ “ការកំណត់ទីតាំងយុទ្ធសាស្រ្តរបស់កម្ពុជា”


នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ័ស្តុភារកម្មរបស់អង្គការEuroCham ឆ្នាំ២០១៨ក្រោមប្រធានបទ៖ “ការកំណត់ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជា” ។

វេទិកានេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាដើម្បីពិភាក្សាគ្នាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងផ្តល់អនុសាសន៍គោលនយោបាយដល់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការបង្កើតផែនការមេភ័ស្តុភារកម្មដែលមានលក្ខណៈប្រកួតប្រជែង។

ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញថាភ័ស្តុភារកម្មគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្តម្ភសំខាន់ៗជាច្រើន ដែលនឹងនាំកម្ពុជាពីប្រទេសមានប្រាក់ចំណូលទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនផងដែរដល់អ្នកចូលរួមអំពីការបញ្ចប់ ការចរចារកិច្ចព្រមព្រៀងសម្បទានផ្លូវក្រវ៉ាត់ក្រុងទី៣ដែលការសាងសង់ផ្លូវនេះនឹងចាប់ផ្តើមនៅឆ្នាំ២០១៨។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនដល់អង្គវេទិកាអំពីស្ថានភាពនៃការសិក្សា លទ្ធភាពសម្រាប់ការសាងសង់ផ្លូវពីបាត់ដំបងទៅកោះកុងនិងខេត្តព្រះសីហនុ ការប្តេជ្ញារបស់ក្រសួងក្នុងការបញ្ចប់ការស្តារផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែតនៅក្នុងឆ្នាំនេះ ការដាក់ឱ្យដំណើរការសេវារថភ្លើងដឹកអ្នកដំណើរ (មុនចូលឆ្នាំខ្មែរ) រវាងប៉ោយប៉ែត-ស៊ីសូផុន និងរហូតដល់បាត់ដំបង ក៏ដូចជាការបើកដំណើរការសេវាផ្លូវដែកពីភ្នំពេញទៅអាកាសយានដ្ឋាន និងការអភិវឌ្ឍគំនិតផ្តួចផ្តើមសេវាដឹកជញ្ជូន អ្នកដំណើរតាមផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា៖ ភ័ស្តុភារកម្មដែលមានលក្ខណៈប្រកួតប្រជែងនឹងជួយទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងនាំឱ្យមានការធ្វើពិពិធកម្មសេដ្ឋកិច្ច ទាក់ទាញការវិនិយោគទុន ដោយផ្ទាល់ពីបរទេសបន្ថែមទៀត ជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងបង្កើតការងារធ្វើបន្ថែមទៀត។ តាមរយៈការធ្វើឱ្យប្រសើរឡើងបណ្តាញភ័ស្តុភារកម្មរបស់ប្រទេសយើងអាចសម្រេចបានសក្តានុពលរបស់កម្ពុជា ជាទីតាំងយុទ្ធសាស្រ្តសម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសមាហរណកម្មក្នុងតំបន់។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់អ្នកចូលរួមថាកម្ពុជាត្រូវការធ្វើឱ្យប្រសើរឡើងសន្ទស្សន៍នៃការអនុវត្តភ័ស្តុភារកម្ម ដោយហេតុថាថ្លៃដឹកជញ្ជូនរបស់កម្ពុជានៅតែមានតម្លៃខ្ពស់ជាងប្រទេសដទៃទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអឺរ៉ុប ដែលបានរៀបចំវេទិកានេះឡើង ជាវេទិកាអាចឱ្យភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជនបានចូលរួមចំណែកក្នុងការ ធ្វើឱ្យប្រសើរឡើងដល់គោលនយោបាយពាក់ព័ន្ធនឹងភស្តុភារកម្មកម្ពុជានេះបាន។