បន្ទាយមានជ័យ: មន្ត្រីគណបក្សប្រជាជនកម្ពុជា និងពលរដ្ឋនៅខេត្តបន្ទាយមានជ័យ អះអាងថា ពួកខ្លួននៅតែចងចាំជានិច្ច ប្រែក្លាយការគោរពឧទ្ទិសវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ សម័យខ្មែរក្រហមទៅជាការជ្រោងទង់សាមគ្គី រួបរួម ឯកភាពថែរក្សាការពារនិងអភិវឌ្ឍន៍សមិទ្ធផលកេរតំណែល នៃរណសិរ្ស២ធ្នូ និងថ្ងៃជ័យជម្នះ៧មករា ក៏ដូចសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើនទូទៅក្រោយនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។
នេះបើតាមលោក អ៊ុង អឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ថ្លែងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងវត្តសុភមង្គល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងទិវាគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ក្នុងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
ពីធីនោះមានការអញ្ជើញចូលរួមពីអនុប្រធានបក្សខេត្តបន្ទាយមានជ័យ មន្ត្រីគណបក្ស កងកម្លាំង មហាជនរាប់រយនាក់ ក៏មានព្រះសង្ឃចំនួន ១១០ អង្គចូលរួមបង្សុកូល ផ្សាយធម៌និងទទួលការបិណ្ឌបាត្រ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់ប្រជាជនរងគ្រោះផងដែរ។
លោក អ៊ុង អឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន ជ័យនិយាយថា: “យើងខ្ញុំចងចាំជានិច្ចចំពោះការស្លាប់ដោយឃាតកម្ម ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍របស់បងប្អូនប្រជាជនស្លូតត្រង់ខ្មែរ ក្នុងរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប៉ុល ពត អៀង សារី ខៀវ សំផន”។ ទុក្ខសោកសែនទារុណ ខ្លោចផ្សារ អមនុស្សធម៌ អយុត្តិធម៌ទាំងផ្លូវកាយ ផ្លូវចិត្ត ហួសពីការស្មានក្នុងរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃនោះ នៅតែដក់ជាប់ក្នុងចិត្ត”។
លោក អ៊ុង អឿន យកឱកាសនេះ រំលឹកនិងឧទ្ធិសផងដែរដល់វិញ្ញាណក្ខន្ធវីរជន យុទ្ធជន យុទ្ធនារី និងប្រជាជនដែលបូជាជីវិតក្នុងការផ្តួលរំលំ និងទប់ស្កាត់ការវិលមកកាន់អំណាចវិញ នៃរបប្រល័យពូជសាសន៍នោះ។ ក្នុងនាមអ្នករស់រានមានជីវិតនិងរុងរឿងពីក្រោយរំដោះ លោកបានប្តេជ្ញាប្រែក្លាយទុក្ខសោក ការឈឺចាប់ នោះទៅជាការរូបរួមសាមគ្គី ឯកភាពជាធ្លុងមួយថែរក្សាការពារកេរតំណែលសមិទ្ធផលទាំងឡាយ ហើយដាច់ខាតទប់ស្កាត់ បង្ក្រាបរាល់ទម្រង់ប្រតិកិរិយា បង្ករឿងនិងអមិត្តដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថេរភាព សេចក្តីសុខចម្រើនធូរធាររបស់ប្រជាជននិងប្រទេសកម្ពុជា៕