ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលវត្ត យសមន្ត្រី ក្នុងស្រុកអង្គរជ័យ ខេត្តកំពត


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។​
នៅព្រឹកថ្ងៃអាទិត្យ៤កើត ខែផល្គុន ព.ស២៥៦១ ត្រូវថ្ងៃទី១៨ ខែកម្ភៈឆ្នាំ ២០១៨ បាន​អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត យសមន្ត្រី ហៅវត្តថ្មី ស្ថិតក្នុងភូមិឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យខេត្តកំពត។ ពិធីនេះ​ក៏មានវត្តមានយាង និងអញ្ជើញចូលរួម ពីសំណាក់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៉ឹង ម៉េងហួរ​ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត និងមន្ត្រីរាជការ ប្រជាពលរដ្ឋផងដែរ។​
នៅក្នុងសុន្ទរកថាស្វាគមន៍លោក កឹម បូណា អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ បានអោយដឹងអំពីប្រវត្តិព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្ត យសមន្ត្រី ដែលត្រូវធ្វើពិធីសម្ពោធនាពេលនេះ គឺសរុបអស់ថវិកាចំនួនជាង ៣១៨.៧៣៦ ដុល្លា។
សមិទ្ធផលទាំងនេះផ្ដើមកសាងឡើងពី ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ មានការចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ និងសប្បុរសជនក្នុង និងក្រៅប្រទេស។
ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិបាលខេត្ត បាន​ចាត់ទុកព្រះ​វិហារ និង​សមិទ្ធផលនានា ដែលធ្វើពិធីសម្ពោធនៅក្នុងវត្ត យសមន្រ្តី នាពេលនេះ គឺពិតជាបានរួមចំណែក​ក្នុងចំណោម​សមិទ្ធផលធំៗជាច្រើនទៀត ដើម្បីជាការឆ្លើយ តបបម្រើអោយវិស័យពុទ្ធចក្រក្នុងខេត្តកំពត។
ឯកឧត្តម អភិបាល​ខេត្ត​ក៏បានថ្លែងអំណរគុណ និងកោត សរសើរចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់​សម្ដេចតេជោ ហ៊ុន សែន ដែលតែងតែបានអញ្ជើញចុះជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅគ្រប់ទីកន្លែងទូទាំងប្រទេស ពិសេស​ក្នុងខេត្តកំពត ដើម្បី​រួមសុខទុក្ខស្វែងយល់ពីការលំបាកខ្វះខាត និងដោះស្រាយសំណូមពរ​តម្រូវការរបស់ប្រជាពលរដ្ឋជាប្រចាំ។ សកម្មភាព និងកាយវិការប្រកប ដោយសុឆន្ទៈ និងទំនួលខុសត្រូវទាំងនេះបានសបញ្ជាក់អោយឃើញនូវកិច្ចខិតខំប្រឹងប្រែង នៅក្នុង​ស្រទាប់យុវវ័យសក្តិសមជាទំពាំងស្នងឬស្សី ប្រកបដោយគុណភាពខ្ពស់​សម្រាប់​ការបន្តថែរក្សា សន្តិភាព និងការ​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា​ជាទីស្រឡាញ់នៃយើង។​
មានប្រសាសន៍សំណេះសំណាល ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ​ និង​សម្ដេច​កិ​ត្តិ​ព្រឹទ្ធបណ្ឌិត ចំពោះប្រជាពលរដ្ឋ និងបានថ្លែង​ការកោតសរសើរចំពោះ​ព្រះ​សង្ឃ អាចារ្យ គណៈ កម្មការវត្ត ពុទ្ធបរិស័ទ សប្បុរសជន រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការសាមគ្គីគ្នា ក្នុងការរួមចំណែកកសាងនូវសមិទ្ធផលក្នុងទីអារាមវត្តនេះឡើងជាមួយរាជរដ្ឋា ភិបាល ដើម្បីជ្រោងខ្ពស់វិស័យព្រះពុទ្ធសាសនា​ដែលជាសាសនារបស់​រដ្ឋនៅកម្ពុជា​អោយបានកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើក
ឡើងអំពីបរិបទអំណោយផលនៃប្រទេសជាតិនាបច្ចុប្បន្នដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍យ៉ាងខ្លាំក្លាលើផ្ទៃប្រទេស ។ ហើយសមិទ្ធផលទាំងអស់នោះ​គឺសុទ្ធសឹង​បានកើតចេញពីអំណោយផលនៃសន្តិភាពយ៉ាងពិតប្រាកដ តាមរយៈយុទ្ធសាស្ត្រឈ្នះៗ​ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា។
ដោយមើលឃើញពីសច្ចភាពនេះហើយ គណបក្ស​ប្រជាជនកម្ពុជា នៅតែបន្តទទួលបាន​ជ័យ​ជំនៈដោយមានការគាំទ្រពីប្រជាពលរដ្ឋ​កម្ពុជាភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្ដល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​មានសម្ដេចតេជោ​ ហ៊ុន សែន​ ជាប្រធានគណបក្ស និងជានា​យករដ្ឋមន្ត្រី។