ឯកឧត្តម សុខ ឥសាន បានប្រាប់ទៅលោក សម រង្ស៊ី ថាឲ្យមើលគំរូមេបក្សប្រឆាំងធំជាងគេ នៅនូវែលហ្សេឡង់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រាប់ទៅលោក សម រង្ស៊ី ថាឲ្យមើលគំរូមេបក្សប្រឆាំងធំជាងគេ នៅនូវែលហ្សេឡង់ ដែលប្រឡូកនយោបាយជាង២០ឆ្នាំនៅតែមិនអាចឈ្នះឆ្នោត ទីបំផុតសុខចិត្តលាលែងពីតំណែង។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “នៅពេលថ្មីៗនេះ លោក Bill English ប្រធានគណបក្សNational Party ដែលជាគណបក្សប្រឆាំងធំបំផុតនៅប្រទេស នូវែលហ្សេឡង់ ដែលបានចូលប្រឡូកក្នុងឆាកនយោបាយអស់រយៈពេល ជាង ២៧ ឆ្នាំមកហើយ នៅតែជាបក្សប្រឆាំងដដែល ដោយចុងក្រោយនេះ បក្សប្រឆាំងនេះទទួលបានសម្លេងគាំទ្រ ៤៤.៤ ភរ ប៉ុណ្ណោះ ។ ដោយសារតស៊ូច្រើនឆ្នាំ មិនបានសម្រេចផលឈ្នះឆ្នោត ទើបលោក Bill English បានសុំលាឈប់ពីប្រធានគណបក្សប្រឆាំងមួយនេះ ដើម្បីទៅប្រកបរបររកស៊ីជាឯកជនវិញ “។

ឯកឧត្តម សុខ ឥសាន បានបន្ថែមថា “នេះជាគំរូល្អណាស់សម្រាប់អ្នកនយោបាយ បើប្រកួតប្រជែងមិនឈ្នះគេហើយ ត្រូវតែក្លាហានលាឈប់ដោយខ្លួនឯងទើបជាការល្អ។ ដូច្នេះ ទណ្ឌិត សម រង្សី នៅក្រាញចង់តតាំងអីទៀត បើបរាជ័យជាង២០ ឆ្នាំ តាំងពីនៅមានតួនាទីក្នុងស្រុក រហូតបរាជ័យអស់គូថខោរត់ទៅនីរទេសខ្លួនកណ្តោចកណ្តែងឯនាយសមុទ្រហេីយនីតែតាមព្យាបាទប្រទេសកម្ពុជា និងប្រជាជនកម្ពុជាតទៅទៀត ដោយមិនចេះខ្មាស់អៀនទាល់តែសោះ ។ គួរតែសម រង្សី រៀនសូត្រនិងយកគំរូតាមលោក Bill English ទើបត្រឹមត្រូវ”៕