ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជម្រុញចិនកោះម៉ាកាវ បង្កើនវិនិយោគក្នុងប្រទេសកម្ពុជា ក្នុងពេលអនុញ្ញាតឱ្យប្រធានរដ្ឋបាលពិសេសក្រុងម៉ាកាវ លោក ហូ ហ៊ូវ៉ាន់ បានជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ ។
គួររំលឹកថារាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យឡើងដល់ចំនួន ៥ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ ប៉ុន្តែចំពោះចិនកោះម៉ាកាវវិញ គឺកម្ពុជានឹងគ្រោងធ្វើកិច្ចសហការដាច់ដោយឡែក លើផ្នែកវិនិយោគនិងពាណិជ្ជកម្ម ។
ប្រធានរដ្ឋបាលពិសេសក្រុងម៉ាកាវ លោក ហូ ហ៊ូវ៉ាន់ ដែលជាអនុប្រធានសភានយោបាយចិនផងដែរនោះ បានជម្រាបសម្តេចថា ដំណើររបស់លោកមកកាន់កម្ពុជា គឺឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនយករដ្ឋមន្រ្តី ដែលបានធ្វើដំណើរទៅកាន់ទីក្រុងម៉ាកាវ កាលពីខែតុលា ឆ្នាំ ២០១៥ កន្លងទៅ… និងម្យ៉ាងទៀត គឺដើម្បីមកចូលរួមសិក្ខាសាលា និងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ជាមួយសហគ្រិនវ័យក្មេង ចំនួនជាង ១០០នាក់ មកពីម៉ាកាវ តបតាមការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ លោក Ho Hou Wah និងគណៈប្រតិភូ ហើយសម្តេចបានជំរុញឲ្យអ្នកវិនិយោគម៉ាកាវ សិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា លើវិស័យនានា រួមទាំងវិស័យទេសចរណ៌ និងកសិកម្មជាដើម ។ សម្តេចតេជោសែន បានមានប្រសាសន៍ជំរុញឲ្យមានជើងហោះហើរ ត្រង់ពីម៉ាកាវមកកាន់កម្ពុជាឲ្យកាន់តែច្រើន… ហើយជាពិសេសសម្តេច បានស្នើឲ្យម៉ាកាវទិញកសិផលពីកម្ពុជា ជាពិសេសអង្ករ ហើយយកប្រទេសកម្ពុជា ធ្វើជាកន្លែងឃ្លាំងកែឆ្នៃរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទៅប្រទេសមួយចំនួន ដែលទទួលជំនួយស្បៀងពីប្រទេសចិនជាមិត្ត ។
ចិនបានក្លាយជាប្រទេសទីមួយ ដែលមានការវិនិយោគធំជាងគេនៅកម្ពុជាបច្ចុប្បន្ននេះ ។ សម្តេចតេជោ ហ៊ុន សែន នៅបានអញ្ជើញប្រធានរដ្ឋបាលពិសេសក្រុងម៉ាកាវ ដើម្បីចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើនៅកម្ពុជាឆ្នាំក្រោយនេះផងដែរ ៕