ឯកឧត្តម សុខ ឥសាន៖ វប្បធម៌សន្ទនា គឺដើម្បីដោះស្រាយបញ្ហាប្រយោជន៍ជាតិ មិនមែនដោះស្រាយបុគ្គលណាមួយឡើយ


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់វប្បធម៌សន្ទនាទេ។ ឯកឧត្តម បានអះអាងថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ៨០មក បក្សកាន់អំណាច អាចបង្រួបបង្រួមជាតិ និងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍតាមរយៈការប្រើប្រាស់វប្បធម៌សន្ទនានេះឯង។
ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា រហូតមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់យកវប្បធម៌សន្ទនាជាគោលដដែល ដើម្បីដោះស្រាយបញ្ហាជាតិ។ ហើយគណបក្សប្រជាជនកម្ពុជា នៅបើកផ្លូវ ចំហរទ្វារ រងចាំការចរចា ប្រសិនបើគណបក្សសង្គ្រោះជាតិ ស្នើសុំ។ ឯកឧត្តម បញ្ជាក់ថា ការចរចានោះ គឺដើម្បីស្វែងរកប្រយោជន៍ជាតិ មិនមែនដើម្បីស្នើឲ្យដោះលែងបុគ្គលណាមួយ ឬសុំឲ្យបញ្ចប់នីតិវិធីរបស់តុលាការ ដែលកំពុង ចាត់ការលើអ្នកនយោបាយក្នុងបក្សរបស់ខ្លួននោះទេ។