ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកបញ្ជាក់ថា វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននឹងផ្តល់ឱកាស អោយសហគមន៍ អន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសក្នុងការស្វែងយល់អំពីសក្តានុពលនានារបស់កម្ពុជាដែលទាក់ទាញ ពាណិជ្ជករ និងវិនិយោគិនមកបណ្តាក់ទុនដែលផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋ។
សម្តេចតេជោបាន សរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនារសៀលថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៦ថា “នៅរសៀលថ្ងៃនេះ ខ្ញុំមានកិត្តិយសបានចូលរួមបើកជាផ្លូវការនៃ វេទិការសេដ្ឋកិច្ចស្តីពីអាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រមុខដឹកនាំ តំណាងប្រទេស តំណាងក្រុមហ៊ុន ពាណិជ្ជករ និងតំណាងអង្គការជាតិ និងអន្តរជាតិជាច្រើនរយនាក់”។
សម្តេចនាយករដ្ឋមន្ត្រីបាន បញ្ជាក់ថា ច្បាស់ណាស់កម្ពុជាត្រូវតែពង្រឹងនយោបាយការទូត និងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសក្នុងពិភពលោក ជាពិសេសប្រទេសដែលកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច។ នៅពេលដែលប្រទេសយើងមានទំនាក់ទំនងល្អជាមួយពិភពលោក គឺកម្ពុជាកាន់តែមានឱកាសច្រើនឡើងក្នុងការកសាងប្រទេសជាតិអោយកាន់តែ រីកចម្រើន។
សម្តេចតេជោបានបន្តថា វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១-២ មិថុនា នេះនឹងផ្តល់ឱកាសអោយសហគមន៌អន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសក្នុងការស្វែងយល់អំពីសក្តានុពលនានារបស់កម្ពុជាដែលទាក់ទាញ ពាណិជ្ជករ និងវិនិយោគិនមកបណ្តាក់ទុន ដែលផ្តល់ការងារ និងប្រាក់ចំណូលយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕