ឯកឧត្តម សុខ ឥសាន បានលើកឡើងថាប្រជាជនកម្ពុជា មិនចង់ឃើញ អតីតបក្សប្រឆាំងរស់ឡើងវិញនោះទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថាប្រជាជនកម្ពុជា មិនចង់ឃើញ អតីតបក្សប្រឆាំងរស់ឡើងវិញនោះទេ ដោយសារអតីតបក្សប្រឆាំង បានប្រព្រឹត្តបទល្មើសច្បាប់ធ្ងន់ធ្ងរ និងត្រូវបានតុលាការកំពូល សម្រេចរំលាយចោលកាលពីថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ  ២០១៧ ព្រមទាំងមន្ត្រីមេដឹកនាំ អតីតបក្សប្រឆាំង១១៨នាក់ ត្រូវផ្អាកសកម្មភាព នយោបាយរយៈពេល ៥ ឆ្នាំ ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាម នៅថ្ងៃទី៦មីនានេះថា “សាលដីការបស់តុលាការកំពូល ជាសាលដីកាស្ថាពរបិទផ្លូវតវ៉ា ដូច្នេះ អតីតបក្សប្រឆាំង និងមន្ត្រីជាមេដឹកនាំបក្សនេះ ត្រូវបានស្លាប់បាត់ពីសង្គមកម្ពុជា រួចស្រេចបាច់ទៅហើយ។ ការស្លាប់បាត់ពីសង្គមកម្ពុជា របស់អតីតបក្សប្រឆាំងនៅកម្ពុជា គឺមកពីទង្វើនិងអំពើល្មើសច្បាប់ ដោយខ្លួនឯង គ្មានអ្នកណាបង្កើត បទល្មើសឲ្យខ្លួននោះទេ ។ ដូច្នេះ បក្សប្រឆាំងបានស្លាប់បាត់ពីសង្គមកម្ពុជា ទៅហើយ គ្មានថ្ងៃអាចវិលវិញ ជាដាច់ខាត” ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបន្តថា “រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់គោលការណ៏ លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ មិនចង់ឃើញខ្មោច អតីតបក្សប្រឆាំង មានវត្តមាននៅក្នុងសង្គមកម្ពុជា ជាដាច់ខាត។និន្នាកាចង់ស្វែងរកការចរចាណាមួយជាមួយខ្មោចអតីតបក្សប្រឆាំង និងទណ្ឌិតទាំងឡាយនៃអតីតបក្សប្រឆាំង មិនអាចកើតមានឡើយ “។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសម្ដងហើយម្ដងទៀតថា នឹងគ្មានចរចាណាមួយ កើតឡើងរវាងសម្ដេច និងមន្រ្តីអតីតបក្សប្រឆាំង ក្នុងអំឡុងពេលសម្ដេចអញ្ជើញ ទៅចូលរួមកិច្ចប្រជុំនៅអូស្រ្តាលី នាពាក់កណ្ដាលខែមីនា ខាងមុខនោះទេ ៕