ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងសម្រាប់គម្រោងសាងសង់សណ្ឋាគារឡាប់ឌី (LUB-D) ខេត្តសៀមរាប


នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងសាងសង់សណ្ឋាគារឡាប់ឌី (LUB-D) ខេត្តសៀមរាប របស់ក្រុមហ៊ុន COMMON AREA (CAMBODIA) LIMITED ដែល គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co.,LTD.។

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថានដែលជាសមាជិកក្រុមការងារ ស.វ.ហ.ស្ថ. តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ រដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប ។

លទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារ ស.វ.ហ.ស្ថ បានស្នើដល់ម្ចាស់គម្រោងនៅចំណុចមួយចំនួនដូចជា៖
១. ម្ចាស់គម្រោងត្រូវគោរពច្បាប់ និងអនុវត្តតាមវិធានការកាត់បន្ថយ និងផែនការគ្រប់គ្រងបរិស្ថាន
២ ម្ចាស់គម្រោងគួរបង្កើនថវិកាមូលនិធិបរិស្ថាន និងសង្គម ដើម្បីចូលរួមជួយស្ដារបរិស្ថាន
៣ ម្ចាស់គម្រោងត្រូវគិតពីតំបន់បៃតងឱ្យបាន ៣០%នៃផ្ទៃដីរបស់គម្រោង
៤ ចំពោះសំណល់រាវ ម្ចាស់គម្រោងត្រូវពិចារណាលើការប្រើប្រាស់ឡើងវិញ
៥ ពាក់ព័ន្ធនឹងអាងហែលទឹក និងទឹកប្រើប្រាស់ទូទៅ ម្ចាស់គម្រោងត្រូវលំអិតបន្ថែមពីការសំអាត និងសារធាតុគីមីដែលប្រើប្រាស់
៦ ម្ចាស់គម្រោងត្រូវបន្ថែមពីការប្រើប្រាស់ប្រព័ន្ធសូឡា ដើម្បីកាត់បន្ថយពីការប្រើប្រាស់អគ្គិសនី
៧ ម្ចាស់គម្រោងត្រូវត្រួតពិនិត្យប្រព័ន្ធអគ្គិភ័យ និងប្រព័ន្ធប្រកាសអាសន្នជាប្រចាំ
៨ ម្ចាស់គម្រោងត្រូវបង្ហាញពីចំណាត់ថ្នាក់សណ្ឋាគារឡាប់ឌីនេះ
៩ ម្ចាស់គម្រោងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីគ្រប់គ្រង និងកែច្នៃសំណល់ប្រេង ខ្លាញ់ និងសំណល់ផ្ទះបាយ
៩ ម្ចាស់គម្រោងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងប្រើប្រាស់ផលិតផលក្នុងស្រុក (បន្លែ ត្រី សាច់) ដើម្បីបង្កើនជីវភាពរបស់ប្រជាពរដ្ឋ។